អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទប្រែរូប ផ្នែកខាងជើង

0

សៀមរាប: ក្រុមការងារអាជ្ញាធរជាតិអប្សរា បន្តជួសជុលខ្លោងទ្វារជើង ផ្នែកខាងកើត របស់ប្រាសាទប្រែរូប ដំណាក់កាលទី២សម្រេចបានប្រមាណ៩០ភាគរយ។ ការងារជួសជុលនេះ ដំណើរការតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ នឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៤ នេះ។

លោក សូរ ប៉ោត បុរាណវិទូ និងគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទប្រែរូប ឱ្យដឹងថា ស្ថានភាពនៃខ្លោងទ្វារខាងជើងផ្នែកខាងកើតរបស់ប្រាសាទប្រែរូប បានខូចខាត និងមានហានិភ័យដល់សំណង់ ព្រមទាំងភ្ញៀវទេសចរមិនអាចដើរឆ្លងកាត់។ ដើម្បីសង្គ្រោះខ្លោងទ្វារនេះឱ្យរឹងមាំឡើងវិញ ក្រុមការងារជួសជុលពង្រឹងផ្នែកខាងក្នុងនៃស្លាបខាងជើង ផ្នែកខាងក្រៅផ្នែកខាងលិច និងផ្នែកខាងកើត ព្រមទាំងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដែលខូចខាតធ្ងន់ធ្ងរ គ្មានស្ថិរភាពនៅផ្នែកខាងលើនៃតួខ្លោងទ្វារ។ បិទបំពេញស្នាមប្រេះហែកការពារជម្រាបទឹក និងបន្ថែមរចនាសម្ពន្ធមួយចំនួនសម្រាប់ភាពរឹងមាំយូអង្វែងដល់រចនាសម្ពន្ធខ្លោងទ្វារទាំងមូល។

លោក សូរ ប៉ោត បញ្ជាក់ថា ការងារជួសជុលខ្លោងទ្វារខាងកើតប្រាសាទប្រែរូប ផ្នែកខាងជើង រួចរាល់ គឺរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារទាំងមូល នឹងមានភាពរឹងមាំឡើងវិញ មានសុវត្ថិភាពទាំងខ្លោងទ្វារ ហើយភ្ញៀវទេសចរក៏អាចដើរចេញចូលទស្សនាតាមខ្លោងទ្វារទិសខាងកើតដ៏សំខាន់នេះដោយសុវត្ថិភាព។

អ្នកជំនាញរូបនេះរម្លឹកថា ការខូចខាតនៃរចនាសម្ពន្ធប្រាសាទប្រែរូប បណ្តាលមកពីការកង្វះការថែទាំយូរអង្វែង មានដើមឈើនិងស្មៅដុះចាក់ឬស កំណកដី និងបណ្ដាលពីអាយុកាលនៃសម្ភារសំណង់ អាកាសធាតុ ពិសេសទឹកភ្លៀងហូរជ្រាបចូលក្នុងប្រាសាទ ដែលធ្វើឱ្យរចនាសម្ពន្ធចុះខ្សោយ ថ្មប្រាសាទងាយនឹងពុកផុយ។ កន្លងមកនៅប្រាសាទប្រែរូបក៏ធ្លាប់មានការជួសជុលនៅសម័យបារាំង និងក្រោយមកទៀត មានប្រទេសអ៊ីតាលីផង៕