កំពង់ចាម: ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម បានលើកឡើងជាសំណើរចំនួន ២១ សំណូមពរ ៣ និង កង្វល់ចំនួន ៤ ត្រូវបានឆ្លើយតប និងបកស្រាយបំភ្លឺបានចំនួន ១៤ករណី ដោយឡែកសំណើរ និង សំណូមពរដែលនៅសេសសល់ ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយបន្តនៅពេលក្រោយ ខណៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៤ ត្រូវបាន ធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណវត្តខេមវ័នបឹងស្នាយ ស្ថិតក្នុងសង្កាត់សំបួ រមាស ក្រុងកំពង់ចាម ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ។
ក្នុងអង្គវេទិកានោះ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានដឹកនាំការឆ្លើយតបរាល់សំណើរ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើក ឡើងរួមមាន ការស្នើសុំផ្លូវធ្វើដំណើរ សុំដីភ្នំចាក់ផ្លូវ សុំអំពូលសូឡាបំភ្លឺផ្លូវសាធារណៈ សុំបង្គោល បណ្តាញអគ្គិសនី និងតបណ្តាញទឹកស្អាត សុំសៀវភៅពុទ្ធិកសិក្សា សុំប័ណ្ណ ប ស ស រួមទាំងបញ្ហា ធំក្លិនកាកសំណល់ វេជ្ជសាស្ត្រ បញ្ហាបាញ់ថ្នាំ និងធំក្លិនផ្កាពុទ្រា ។ល។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា តាមរយៈអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជា បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវរបាយការណ៍បូក សរុបលទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។ វេទិកាថ្ងៃនេះ ក៏បានបង្ហាញអំពីតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈការអនុវត្តសកម្មភាពរយៈពេលកន្លងមកក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។
ជាមួយគ្នានោះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់ រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គម ស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕