ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជាផ្លូវការ ក្នុងចុងខែវិច្ឆិកាខាងមុខនេះ

0

ត្បូងឃ្មុំ:​ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្រោយពីក្រុមការងារ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ បានចុះផ្ទៀងផ្ទាត់ និងវាយតម្លៃ ពីស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាលក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំរួចមក។ តាមរយៈការធ្វើសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលការផ្ទៀងផ្ទាត់វាយតម្លៃខេត្តត្បូងឃ្មុំ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមាន​ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះផ្ទៀងផ្ទាត់ ODF និង​ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង ខេត្តត្បូងឃ្មុំ​។

ឯកឧត្តម ប៉េង សម្បិត្ត អភិបាលរងខេត្ត បានមានមតិស្វាគមន៍ និងបានលើកឡើងពីរបាយការណ៍សង្ខេបអំពីស្ថានភាព ODF របស់ខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលល្អប្រសើរ នឹងឈានទៅប្រកាសជាផ្លូវការ ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក យី គឹមថាន ប្រធានអង្គការ Plain អន្តរជាតិ នៅកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលទាំងនេះ ភាគីពាក់ព័ន្ធជាច្រើន បានយកចិត្តទុកដាក់បង្កើតការរៀបចំស្ថាប័នអនុវត្តប្រព័ន្ធត្រួតពិនិត្យអនាម័យ បង្កើតការចូលរួមសហការ បង្កើតទីផ្សារអនាម័យ ឧបត្ថម្ភធន់ដល់គ្រួសារក្រីក្រ និងរងគ្រោះក្នុងវិស័យអនាម័យ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក-ឃុំ និងភូមិ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាបានជោគជ័យ និងប្រសិទ្ធភាព។

ក្នុងឱកាសនោះ ក្រុមការងារចុះផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិ ក៏បានធ្វើបទបង្ហាញពីស្ថានភាពអនាម័យ និងបរិស្ថាននៅខេត្តត្បូងឃ្មុំ មានលក្ខណៈល្អប្រសើរ ជាពិសេសតាមរយៈនៃការចុះផ្ទៀងផ្ទាត់នេះ មិនមានខ្នងផ្ទះណាមួយ ត្រូវបានរកឃើញថា នៅបន្តបន្ទោបង់ពាសវាលពាសកាលនោះទេ សូម្បីទីតាំងសង្ស័យមួយចំនួនដែលធ្លាប់មានព្រៃ ឬនៅតាមព្រៃទីទួលក៏គ្មានគំហើញណាមួយបញ្ជាក់ថា មានការបន្ទោបង់ក្រៅបង្គន់នោះដែរ ។

ថ្លែងនាឱកាសនោះដែរ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះផ្ទៀងផ្ទាត់ ODF បានមានប្រសាសន៍ថា ការបញ្ចប់ការបន្ទោបង់ពាសវាពាក្យកាល របស់ខេត្តត្បូងឃ្មុំ បានបង្ហាញពីការលើកកម្ពស់អនាម័យរបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងបានបង្ហាញពីការយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើការរស់នៅ ព្រមទាំងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាសេនាធិការ បាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់ទឹកស្អាត និងអនាម័យ និងសុខភាពសាធារណៈ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀតនៅទូទាំងប្រទេស ព្រោះជាបញ្ហាចម្បង និងអាទិភាពដែលរាជរដ្ឋាភិបាលគិតគូរយកចិត្តទុកដាក់​ ៕