ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំសហការី នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជន

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពលោកពលបាលឯក ធឹម ធឿន អតីតយុទ្ធជនពិការ អតីតនៅអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកបានទទួលមរណៈភាពកាលពីម្សិលមិញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុងស្ទឹងសែន និងអាជ្ញាធរដែនដី បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ និងបានគោរពបួងសួងដល់វិញ្ញាណក្ខន្ធលោកពលបាលឯក ធឹម ធឿន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងបានថ្លៃអំណរគុណចំពោះលោកយាយ លោកតា ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងពិធីបុណ្យសពអតីតយុទ្ធជននៅពេលនេះ ។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀលសម្រាប់រៀបចំបុណ្យសព ជូនអតីតយុទ្ធ ដែលជាការផ្តួចផ្តេីមឡេីងរបស់សម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២ កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន២យួរ ផងដែរ ។

ក្រុមគ្រួសារសពអតីតយុទ្ធជន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់បម្រើដល់បងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ដោយអស់ពីចិត្តពីថ្លើម និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្តម អស់លោកទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ដោយ វេហាស៍