ត្បូងឃ្មុំ: អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្ដម ប៉ែន កុសល្យ បានថ្លែងថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន បង្កើតឱ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋចំគោលដៅ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរស់នៅ។ ការថ្លែងបែបនេះក្នុងអង្គវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅខេត្តត្បូងឃ្មុំ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមវត្តមានឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។
ថ្លែងបើកអង្គពិធីនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលេីកឡេីងថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តម បន្តទៀតថា៖ ការរៀបចំវេទិការនេះ ដើម្បីពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល ដែលមានក្រសួង ស្ថាប័នថ្នាក់ជាតិ រួមគ្នាវាយតម្លៃអំពីវឌ្ឍនភាពបញ្ហាប្រឈម សំណូមពរ កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែប្រសើរឡើង។ វេទិកានេះ នឹងត្រូវរៀបចំជាទៀងទាត់រៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមអនុវត្តដំបូងនាឆ្នាំនេះផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានស្នើសុំឱ្យអង្គវេទិកាទាំងមូល មន្ទីរ/អង្គភាព/ស្ថាប័ននានា ពិសេសអង្គក្រុមប្រឹក្សានីមួយៗ នៅថ្នាក់ក្រោមជាតិ ដែលសុទ្ធតែពាក់ព័ន្ធក្នុងការចូលរួមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សូមធ្វើយ៉ាងណា មិនត្រូវស្ទាក់ស្ទើរឬខ្លាចប៉ះពាល់ ក្នុងការលើកឡើងនិងលើកយកមកឱ្យអស់ នូវរាល់បញ្ហាប្រឈមជាក់ស្តែង ក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីដាក់ជូនអង្គវេទិកាក្នុងការដោះស្រាយទាំងអស់គ្នា ដើម្បីឈានទៅរកដំណោះស្រាយរួមមួយឱ្យបានសមស្រប និងជាក់លាក់បំផុតផងដែរ៕