ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ នៅខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន និងនាយទាហានរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣ – ៩វិច្ឆិកា២០២៤ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានឯករាជ្យខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ  ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្ដើមបណ្ដាផែននីមួយៗ ដែលបានចូលរួមក្នុងពិធីនេះ មានផែនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី និងបណ្ដាមន្ទីរស្ថាប័ននានា រួមជាមួយអាជ្ញាធរដែនដីក្រុងស្រុក បានអញ្ជើញឡើងដាក់កម្រងផ្កា ដុតធូប និងគោរពវិញ្ញាណក្ខន្ធនៅលើទីតាំងវិមានឯករាជ្យខេត្តកំពង់ធំ ដោយមានព្រះតេជគុណ សៀង សុខ ព្រះរាជាគណៈថ្នាក់ចាត់ថ្វានៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគុណខេត្ត និងព្រះថេរានុថេរៈ ដែលបាននិមន្តចូលរួម បានធ្វើធ្យាយជាយ័ន្តោនៅក្នុងកម្មវិធីនេះផងដែរ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឡើងថ្លែងសន្ទរកថារំលឹកពីព្រះរាជបូជនីកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពលមិនខ្លាចនឿយហត់ ដើម្បីទាមទារយកមកវិញនូវឯករាជ្យជាតិ ពេញលេញពីពួកអាណានិគមនិយមបារាំងសេស នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នឹងបានបង្កើតកងយោធពលខេមរភូមិន្ទ ដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យភាពជាតិ។ ជាមួយនោះដែរឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការដឹងគុណចំពោះកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ។

នៅចុងបញ្ចប់នៃអង្គមិទ្ទីង សម្រែកជ័យឃោសរបស់មហាជន និងការបង្ហោះប៉ោងប៉ោង អបអរសាទរយ៉ាងក្លៀវក្លា ក្នុងទិវាខួបលើកទី៧១ថ្ងៃបុណ្យឯករាជ្យជាតិនិងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទដែលបានប្រារព្ធឡើងនៅពេលនេះ យ៉ាងក្លៀវក្លាប្រកបដោយបរិយាកាសស្និទ្ធស្នាល និងរីករាយ ក្រៃលែង ។

ដោយឡែកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង រួមជាមួយកងកម្លាំងទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាតការពារ និងថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលកំពុងមានដូចបច្ចុប្បន្ននេះ ឲ្យនៅគង់វង្សជារៀងរហូត និងបានប្តេជ្ញាចិត្តការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតឱ្យបានដាច់ខាត៕ អត្ថបទវេហាស៍