ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកា ទៅប្រគេនព្រះសង្ឃសម្រាប់ចូលរួមក្នុងពិធីអង្គកឋិនទាន នៅវត្តដួងសូរិយា ហៅវត្តក្តីដូង

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ សម្រាប់ចូលរួមក្នុងកម្មវិធីអង្គកឋិនទានសាមគ្គី នៅដួងសូរិយា ហៅវត្តក្តីដូង ស្ថិតនៅក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ឋចក្រ ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាដែលបច្ចុប្បន្ននេះមានវត្តអារាម ជាង ៥,០០០ វត្ត និងមានព្រះសង្ឃគង់នៅចំនួនជាង ៧០,០០០ អង្គ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ដើម្បីទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ  ដែលមានប្រជាពលរដ្ឋគោរពបូជាក្នុងវិស័យព្រះពុទ្ធសាសនានេះ យ៉ាងច្រើនលើសលប់ ។ កន្លងមកថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ តែងតែចូលរួមឧបត្ថម្ភគាំទ្រ និងជួយកសាងសមិទ្ធផលនានាជាច្រើននៅតាមទីអារាមនៅក្នុងខេត្តកំពង់ធំ រួចមកហើយ។ ហេីយនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគេននូវបច្ច័យ ដល់ព្រះសង្ឃសម្រាប់ចូលរួមអង្គឋិនទានសាមគ្គី និងចូលរួមក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ បន្តទៀតផងដែរ។

ព្រះតេជគុណជរ សុចាយ ព្រះគ្រូចៅអធិារវត្តដួងសូរិយា ហៅវត្តក្តីដូង បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តសទ្ធាជ្រះថ្លារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងកំពង់ធំ ព្រមទាំងសហការីទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាក និងជួយទំនុកបម្រុងក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមជាច្រើន និងនៅក្នុងទីអារាមវត្តក្តីដូងនេះជារៀងរហូតមក និងសូមជូនពរឯកឧត្តម និងលោកជំទាវ និងសហការីទាំងអស់សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ វេហាស៍