រដ្ឋបាលព្រៃឈើស្ទឹងត្រែង បានអំពាវនាវដល់ប្រជាសហគមន៍ រួមទាំងប្រជាពលរដ្ឋ ឱ្យចូលរួមការពារ គ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងលុបបំបាត់ការកាប់រានដីព្រៃ ដែលជាអំពើល្មើសនឹងច្បាប់រដ្ឋ

0

ខេត្តស្ទឹងត្រែង៖ ការអំពាវនាវរបស់ នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ នៃខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង លោក ហ៊ុន សំអឿន បានធ្វើឡើងក្នុងគ្រាដែលលោក បានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដែលជាមន្រ្តីអនុវត្តគម្រោងរេដបូកមេគង្គ ជំហាន១ ចុះល្បាត និងផ្សព្វផ្សាយពីគម្រោងរេបូក មេគង្គជំហាន១ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ លោក ហ៊ុន សំអឿន បានថ្លែងឱ្យដឹងថា នៅក្នុងសកម្មភាពចុះល្បាតព្រៃឈើនោះ លោក និងក្រុមការងារ បានធ្វើការផ្សព្វផ្សាយពីគម្រោងរេបូកមេគង្គ ដល់ប្រជាសហគមន៍ រួមទាំងប្រជាពលរដ្ឋ ដែលរស់នៅជិតព្រៃសហគមន៍ និងបានចុះសិក្សាចំណុចនិយាមកា ព្រំប្រទល់ដីសហគមន៏ព្រៃឈើព្រៃឪធម្ម ខេត្តស្ទឹងត្រែង សំរាប់ពង្រីកផ្ទៃដីបន្ថែម ដោយសហការជាមួយអាជ្ញាធរស្រុកសេសាន អាជ្ញាធរភូមិតាឡាត ឃុំតាឡាត ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាឡាត និងគណ:កម្មការសហគមន៏ព្រៃឈើព្រៃឪធម្ម ផងដែរ។

លោក ហ៊ុន សំអឿន បានបន្តថា ជាលទ្ធផល ក្រុមការងារបានបន្តចុះល្បាត និងពិនិត្យស្ថានភាពព្រៃឈើ ក្នុងព្រៃសហគមន៍ព្រៃឪធម្ម ឃើញថា ព្រៃឈើស្ថិតក្នុងស្ថានភាពល្អប្រសើរ ។ ក្រៅពីនេះ ក្រុមការងារបានរកឃើញ និងធ្វើការដកហូតខ្សែអន្ទាក់ដាក់សត្វព្រៃចំនួន ៥អន្ទាក់ និងបានផ្សព្វផ្សាយដល់ប្រជាសហគមន៍ ដែលរស់នៅក្នុង និងក្បែរព្រៃសហគមន៍ ឱ្យបញ្ឈប់ការទន្រ្ទានយកដីព្រៃ ចូលក្នុងព្រៃសហគមន៍ជាបន្តទៀត។ រីឯបទល្មើសព្រៃឈើក្នុងព្រៃសហគមន៍ ពុំជួបបទល្មើសកាប់រានថ្មីៗទៀតនោះទេ។

លោក ហ៊ុន សំអឿន បានបញ្ជាក់ថា ក្រុមការងារបានបន្តផ្សព្វផ្សាយដល់ គណៈកម្មការសហគមន៍ និងអ្នកពាក់ពន្ធ័ ឱ្យពង្រឹងលើការងារជួយការពារធនធានព្រៃឈើរបស់រដ្ឋ ឱ្យបានគង់វង្ស ដើម្បីនាធានិរន្តរភាពក្នុងការប្រើប្រាស់ដល់កូនចៅជំនាន់ក្រោយៗទៀត។ មិនតែប៉ុណ្ណោះ យើងត្រូវថែរក្សាព្រៃសមគន៍នេះឱ្យបានល្អ ដើម្បីលក់កាបូនថែមទៀតផង ហើយចំណូលដែលបានមកពីលក់កាបូន អាចធ្វើឱ្យជីវភាពសមាជិកសហគមន៍ព្រៃឈើ កាន់តែមានភាពល្អប្រសើរឡើងមួយកំរិតទៀត៕ ដោយ៖ឡុង សំបូរ