ខេត្តត្បូងឃ្មុំ៖ រថយន្តយីឌុប ២គ្រឿង ដែលដឹកជញ្ជូនពេញប្រៀប ដោយគេដឹងថា រថយន្តនោះគ្រោងនាំឈើចូលទៅប្រទេសវៀតណាម តាមច្រកទ្វារមេមត់ ត្រូវបានបង្ក្រាបដោយសកម្មជនស្រឡាញ់ព្រៃឈើ ក្រោយពីបានតាមដាន ស្រាវជ្រាវ និងបានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើមេមត់ នៃខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ៣ និង៥០នាទីរសៀល ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវជាតិលេខ៧ នៅចន្លោះគីឡូម៉ែត្រលេខ២១១-២១២ ត្រង់ចំណុចនិយាមការ ៦២៩០៩៧ ១៣០៧៥៣២ ស្ថិតក្នុងភូមិឆ្កែអើត ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មន្ត្រីសមត្ថកិច្ចបាននិយាយថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់បង្ក្រាបរថយន្តធុនធ្ងន់ ២គ្រឿង ដឹកឈើពេញប្រៀប គឺ ១-ម៉ាក HYUNDAI ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ក្រចេះ 3A-0689 ,២-ម៉ាក HYUNDAI (V1) ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3416 កន្ទុយសណ្តោងរ៉ឺម៉ក ពណ៌ស្លាទុំ ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-0130។ រថយន្តទាំង ២គ្រឿង មានផ្ទុកឈើអារកាត់ជាកង់ៗ ប្រភេទខ្នុរ ពេញទ្រុងរថយន្ត បានបើកសំដៅទៅព្រំដែនវៀតណាម គ្រោងនាំឈើខ្នុរទាំងនោះឆ្លងដែន តាមច្រកមេមត់។
ក្រោយការបង្ក្រាប រថយន្តដឹកឈើទាំងពីរគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច នាំយកមកកាន់ស្នាក់ការរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការពិនិត្យជាក់ស្តែង ក្រោមការអនុញ្ញាតពី ស្ថាប័នអយ្យការ និងសាលាដំបូងខេត្តត្បូងឃ្មុំ និងចាត់ការតាមច្បាប់ ស្តិពីព្រៃឈើ៕ដោយ៖ឡុង សំបូរ