អភិបាលរងស្រុកស្ទោង បានលើកឡើងថា ការប្រគល់ថវិកាសង្គ្រោះមរណៈ គឺជាការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន ពីប្រមុខរាជរដ្ឋាភិបាល

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក ព្រំ ឆដា អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពអតីតយុទ្ធជន លោក សូត អាត នៅក្នុង ភូមិសៀមពាយ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានពាំនាំផ្ដាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ដល់អតីតយុវជនកម្ពុជា និងក្រុមគ្រួសារគ្រប់ពេលវេលា។

ជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងគ្រួសារនៅពេលនេះលោក ព្រំ ឆដា បានលើកឡើងថា ការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនដល់គ្រួសារសពអតីតយុទ្ធជនកម្ពុជា និងគ្រួសារពលីគឺជាការ យកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងគាំពារសេដ្ឋកិច្ចគ្រួសារ និងជាការថ្លែងអំណរគុណក្រៃលែងដល់គ្រួសារសពដែលបានបញ្ជូន សាច់ញាតិ សមាជិក គ្រួសារ និងពលីសព្វបែបយ៉ាង ទាំងសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ហើយលោកបានបន្ថែមថា ក៏ជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើគ្រួសារអតីតយុទ្ធជនកម្ពុជាគ្រប់កាល:ទស:។

គូរបញ្ជាក់ផងដែរថា ការប្រគល់ថវិកាបេឡាមរណ:សង្គ្រោះនៅពេលនេះមានចំនួន៤លានរៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនគឺលោក សូត អាត ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ដោយរោគាពាធ ។