ផ្លូវចំនួន២ខ្សែ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃ

0

ត្បូងឃ្មុំ: លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូអន្តរក្រសួង រួមមាន ៖ ក្រសួងអភិវឌ្ឍន៍ និងក្រសួងសេដ្ឋកិច្ច អញ្ជើញចុះពិនិត្យ និងវាយតម្លៃ លទ្ធផលការងារថែទាំខួបផ្លូវ ចំនួន ពីរខ្សែ ដោយក្រាលល្បាយគ្រួស ប្រវែងសរុប ១៦,៥០០ ម និងលូ ចំនួន ២ កន្លែង ស្ថិតក្នុងឃុំតំបែរ និងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានលើកឡើងថា ការងារខាងលើនេះបានជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរទៅមក ទាំងការដឹកជញ្ជូនផលិតកម្ម និងកសិឧស្សាហកម្ម ពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន ការដឹកអ្នកជំងឺមកកាន់មណ្ឌលសុខភាពបានទាន់ពេលវេលាផងដែរ។

ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃ លទ្ធផលការងារថែទាំខួបផ្លូវ ចំនួន ២ ខ្សែនោះផងដែរ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់តាមបណ្តាផ្លូវ ព្រមទាំងមានប្រសាសន៍ ពាំនាំសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទក្នុងស្រុកតំបែរ ក៏ដូចជាក្នុងខេត្តត្បូងឃ្មុំទាំអមូល គឺនឹងមានជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងផែនការ ដែលបានដាក់ចេញដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលទិសដៅនេះធ្វើយ៉ាងណាឱ្យស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញជាអាទិភាពគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាផងដែរ។

ជាមួយគ្នានេះលោកជំទាវ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការចែកជូននៅក្រម៉ាជាអំណោយលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ហើយបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាជួយថែរក្សាផ្លូវទាំង ២ខ្សែ នេះ សម្រាប់ប្រើប្រាស់បានយូរអង្វែង ដោយទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។

គួរបញ្ជាក់ថា ផ្លូវចំនួន២ខ្សែ ស្ថិតនៅឃុំតំបែរ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានក្រសួងអភិវឌ្ឍន៍បទបានធ្វើការចុះមកពិនិត្យ វាយតម្លៃ ដោយលទ្ធផលជាក់ស្តែង គឺផ្លូវទាំង ២ខ្សែនោះ ត្រូវបានក្រាលដោយល្បាយក្រួស ប្រវែង១៦,៥០០ម៉ែត្រ ដែលមានទទឹងចំនួន ៥ម៉ែត្រ និងកម្រាស់ ២០ ស.ម ព្រមទាំងបានសាងសងលូមូលរំដោះទឹក មានមុខកាត់ ១ម៉ែត្រ មួយជួរចំនួន ១កន្លែង និងលូមូលមុខកាត់ ០,៦ម៉ែត្រ ចំនួន ១កន្លែង ស្ថិតនៅឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (គម្រោងលេខ DRR-PM-2024-No.023) ៕