(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពកូនរបស់ លោកអនុ សេនីយ៍ទោ សួន វណ្ណា នាយទាហាន ផ្នែកលេខាធិការដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទទួលមរណភាពដោយឧបទ្ទវហេតុ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិថ្នល់បែកខាងលិច ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកអនុសេនីយទោ សួន វណ្ណា ជំនួយការផ្នែកលេខាធិការដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឲ្យក្រុមគ្រួសារសព បានបញ្ជាក់ថា លោក វណ្ណៈ ផានិត អាយុ១៩ ឆ្នាំ ដែលត្រូវជាកូនបង្កើតបានទទួល មរណភាពដោយឧបវគ្គហេតុនៅវេលាម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយសពត្រូវដង្ហែរទៅបូជានៅឈាបនដ្ឋានវត្តបទុមរ័ត្ន ហៅវត្តក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅវេលាម៉ោង ៩,០០ នាទីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់កូនប្រុសជាទីស្រឡាញ់ ដោយបានទទួលមរណភាពនៅពេលនេះ និងបានបួងសួង សូមឲ្យវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវថវិកាជំនួយឧបត្ថម្ភរបស់អង្គភាព និងសប្បុរសជន ដែលបានចូលរួមចំណែក ក្នុងពិធីបុណ្យសពនេះចំនួនជាង២ លាន ៣ សែន រៀល និងអង្ករចំនួន ១៥០គីឡូក្រាម ចូលរួមឧបត្ថម្ភក្នុងកម្មវិធីបុណ្យសព ហើយនិងបានចាត់ចែងឲ្យក្រុមការងារសម្រប សម្រួលក្នុងការរៀបចំពិធីបូជាសព ឲ្យបានសមរម្យ ផងដែរ៕ វេហាស៍