អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ស្ពាន គម្រោងក្រសួងអភិវឌ្ឍន៍ជនបទ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ

0

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ស្ពាន គម្រោងក្រសួងអភិវឌ្ឍន៍ជនបទ នៅឃុំខ្ពបតាងួន ឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ឃុំស្ពឺ ឃុំស្វាយទាប ស្រុកចំការលើ ឃុំបារាយណ៍ និងឃុំព្រៃឈរ ស្រុកព្រៃឈរ​ ដែល​មាន​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ ផ្លូវ​កៅស៊ូ​ និង​ផ្លូវ​បេតុង​ សរុប​ជាង​ ២៥គីឡូម៉ែត្រ​ និង​ស្ពាន​បេតុង​​ប្រវែង​ ៣០ម៉ែត្រ​ ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវខាងលើនេះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការសាកសួរសុខទុក្ខ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់តាមបណ្តាផ្លូវ ឱ្យចូលរួមជាមួយអាជ្ញាធរ ដើម្បីបន្តការអភិវឌ្ឍន៍ ពោលគឺ​ធ្វើយ៉ាងណាឱ្យស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញជាអាទិភាពគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា​ ។
ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បាន​អញ្ជើញ​ចុះទៅពិនិត្យដំណាំស្រូវ របស់ប្រជាកសិករ នៅស្រុកស្ទឹងត្រង់ ដែលពួកគាត់ទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ដោយឃើញថាការដាំដុះរបស់កសិករយើង មានការលូតលាស់ល្អ ដែលយើងរំពឹងទុកថា កសិករយើង និងទទួលបានទិន្នផលខ្ពស់ ពីស្រូវពូជដែលរដ្ឋាភិបាលបានផ្តល់ជូន​នាពេល​កន្លង​មក​ថ្មីៗ​នេះ​ ។

បើតាម​លោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឱ្យដឹងថា​ ខ្សែផ្លូវ និងស្ពានដែល​​ឯកឧត្ដមអភិបាលខេត្ត​ចុះពិនិត្យការដ្ឋានសាងសង់ ឆ្នាំ២០២៤ រួមមាន​ ១-​ ការ​ជួសជុលបន្ទាន់ផ្លូវ​ក្រាល​គ្រួស​ក្រហម​ ១ខ្សែ​ ប្រវែង​ ៨០០ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ នៅ​ភូមិ​អូររុន​ ឃុំ​ខ្ពប់តាងួន​ ស្រុកស្ទឹងត្រង់​។ ២-ការ​សាងសង់​ស្ពាន​បេតុង​ ១កន្លែង​ ប្រវែង​ ៣០ម៉ែត្រ​ ទទឹង​ ៨ម៉ែត្រ​ នៅ​ភូមិ​វាលត្រដក់ពង​ ឃុំ​ទួល​សំបួរ​ ស្រុកស្ទឹងត្រង់​។ ៣-​ ការ​ស្ថាបនា​ផ្លូវ​បេតុង​ និង​ផ្លូវ​កៅស៊ូ​២ជាន់​ ប្រវែង​ ៦០០ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ ពី​ភូមិ​ពព្រេង​ ទៅ​ភូមិ​អូរវាយ​ ឃុំ​ស្ពឺ​ ស្រុកចំការលើ​។ ៤-​ ការជួសជុល​ផ្លូវ​កៅស៊ូ​២ជាន់​ ប្រវែង​ ១១​ ៥២០ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ ពី​ភូមិ​ថ្នល់​បែក​ ទៅ​ភូមិ​បុសថ្លាន់​ ឃុំ​ស្វាយ​ទាប​ ស្រុកចំការលើ​។ ៥-​ ការ​ស្ថាបនា​ផ្លូវ​បេតុង​ និងការ​ស្ថាបនា​​ផ្លូវ​កៅស៊ូ​២ជាន់​ ប្រវែង​ ៧​ ៧០០ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ ក្នុង​ឃុំ​ខ្វិត​ធំ​ ឃុំ​ព្រៃឈរ​ និង​ឃុំបារាយណ៍​ ដែល​មាន​ប្រវែង​ផ្លូវ​សរុប​ ២​ ៥​២២០ម៉ែត្រ​ និង​ស្ពាន​ប្រវែង​ ៣០ម៉ែត្រ​ ៕