(កំពង់ធំ)÷ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសក្រសួង អមដំណើរដោយលោក តាន់ វាសនា ប្រធានស្តីទីមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីបច្ចេកទេសមន្ទីរ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម បានថ្លែងថាដើម្បីចូលរួម ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំខួបផ្លូវចំនួន២ខ្សែ ដោយក្រាលល្បាយក្រួស ប្រវែងសរុប១៣,៣០០គ.ម ទទឹង៤.៥ម៉ែត្រ និង៥ម៉ែត្រ កម្រាស់០.២ម៉ែត្រ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ឃុំនីពេជ និងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (គម្រោងលេខ DRR-PM- 2024-No.006) ។ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ប្រើប្រាស់ថវិកាជំពូក៦១។
ឯកឧត្តម ផូ ផារិទ្ធ បានលើកឡើងថាក្រសួងបានកំពុងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅបង្កើន គុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ និងជាសរសៃឈាមជួយជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។
តាមរយៈផ្លូវចំនួន២ខ្សែ ដោយក្រាលល្បាយក្រួស ប្រវែងសរុប១៣,៣០០គ.ម ខាងលើនេះឯកឧត្តម បានកោតសរសើរចំពោះនាយកដ្ឋានផ្លូវជនបទ ដែលបានយកចិត្តដាក់ខ្ពស់ក្នុងការថែទាំងផ្លូវទាំងនោះ បានល្អប្រសើរ ដែលនេះគឺជាការធានាដល់ ការប្រើប្រាស់គ្រប់រដូវកាល សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការផ្តល់ប្រយោជន៍សាធារណៈផងដែរ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម រដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី