កំពង់ចាម : ឯកឧត្តម អ៊ុនចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណបក្សខេត្តកំពង់ចាម បានអញ្ជើញប្រកាសតែងតាំង លោក ទុន ណេត ជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម ជំនួសលោក ប៊ិន ឡាដា ដែលត្រូវ ទទួលភារកិច្ចថ្មី ។ ពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផងដែរ ។
បន្ទាប់ពីទទួលការតែងតាំងថ្មី លោក ទុន ណេត បានឡើងធ្វើការថ្លែង អំណរគុណចំពោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ជាពិសេស សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់នូវជំនឿទុកចិត្តលើរូបលោក ឱ្យទទួលមុខតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម ហើយលោកក៏បានធ្វើ ការប្តេជ្ញាខិតខំប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ដើម្បីជំរុញការស្តារ កសាង ស្ថាបនា ហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឱ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាជំហានៗ ស្របតាមគោលនយោបាយរបស់ គណបក្សប្រជា ជនកម្ពុជា និងរាជរដ្ឋាភិបាល អាណត្តិទី៧ នេះផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បាន ណែនាំដល់អាជ្ញាធរស្រុកកំពង់សៀម ជាពិសេសលោក ទុន ណេត ដែលទើបទទួលភារកិច្ចថ្មីនេះ ត្រូវយកចិតទុកដាក់ខ្ពល់ លើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អ ពិសេសគឺបន្តរួមគ្នា អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បន្តអនុវត្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ការ លប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន និងអំពើអនាចារ ឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ ។
ជាមួយគ្នានោះ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានជំរុញឱ្យបន្តការលើកកម្ពស់ការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព គ្មានអំពើរពុករលួយ រួមទាំង រហ័សទាន់ចិត ដើម្បីបង្កើនការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់ ៕