ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំប្រតិភូរដ្ឋភាគី១៦៤ប្រទេស តំណាងស្ថានទូតប្រចាំកម្ពុជាទស្សនះសិក្សាស្វែងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន

0

សៀមរាប៖ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូរដ្ឋភាគី១៦៤ប្រទេស តំណាងស្ថានទូតប្រចាំកម្ពុជាទស្សនះសិក្សាស្វែងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ដោយមានការចូលរួម ឯកឧត្តម ERI Arfiya អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ANDO Naoki អនុប្រធានជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអង្គភាពស៊ីម៉ាក់ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងអំណរគុណ លោកស្រី Eri Arfiya អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោក Ando អនុប្រធានជាន់ខ្ពស់នៃ JICA សម្រាប់ការគាំទ្រ និងវត្តមានរបស់ពួកគេនៅទីនេះនៅថ្ងៃនេះ កិច្ចសហការរបស់ប្រទេសជប៉ុនជាមួយកម្ពុជាមិនត្រឹមតែមានសារៈសំខាន់ក្នុងការជំរុញសកម្មភាពមីនប៉ុណ្ណោះទេ ថែមទាំងក្នុងការជំរុញការអប់រំ និងការតស៊ូមតិដើម្បីសន្តិភាព តាមរយៈគំនិតផ្តួចផ្តើមដូចជាសារមន្ទីរនេះ និងសូមថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ និងរដ្ឋមន្ត្រី គណៈប្រតិភូដ៏មានកិត្តិយស ឯកអគ្គរដ្ឋទូត និងតំណាងនៅទីនេះសម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេចំពោះអនុសញ្ញាអូតាវ៉ា ព្រឹត្តិការណ៍នេះ សហការរៀបចំដោយ CMAC និងរដ្ឋាភិបាលជប៉ុន អនុញ្ញាតឱ្យយើងបង្ហាញពីប្រវត្តិសោកនាដកម្មនៃសង្គ្រាម និងជម្លោះរបស់ប្រទេសកម្ពុជា ដែលបានធ្វើឱ្យមានការស្លាប់ ការឈឺចាប់ និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន និងសង្គមកម្ពុជា។
លោកជំទាវ Eri Arfiya អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន មានប្រសាសន៍ថា ប្រទេសជប៉ុនបាននិងកំពុងធ្វើការលើដំណើរការសកម្មភាពមីនមនុស្សធម៌ជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភាគីពាក់ព័ន្ធតាមរយៈវិធីសាស្រ្ត និងបច្ចេកវិទ្យា “ជប៉ុនទាំងអស់” នេះពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុនជប៉ុនដូចជាប្រភេទម៉ាស៊ីនារាវមីន ALIS និង គ្រឿងចក្រវាយកម្ទេចមីនប្រភេទ Nikken , Komatsu និង IOSជាដើម ដែលទាក់ទងនឹងការបោសសម្អាតមីន ពួកគេទាំងអស់ត្រូវបានបង្ហាញ និងបានចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃនេះ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញអំពីសកម្មភាពរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដែលបានចូលរួមចំណែកក្នុងសកម្មភាពមីនមនុស្សធម៌នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក តាមរយៈព្រឹត្តិការណ៍អមរួមគ្នារវាងជប៉ុន និងអង្គភាពស៊ីនាឱកាសនេះ ខ្ញុំសង្ឃឹមថា យើងអាចណែនាំអ្នកអំពីតួនាទីដែលជប៉ុនបានអនុវត្ត រួមជាមួយនឹងកម្ពុជា ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍នាពេលនេះអាចរួមចំណែកដល់ការពិភាក្សាក្នុងន័យស្ថាបនានៅក្នុងសន្និសីលើកទី៥ ការត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានអនុសញ្ញាអូតាវ៉ា បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តគណៈប្រតិភូអន្តរជាតិនៅលើទឹកដីមហាអង្គរ នៃខេត្តសៀមរាប ក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានដឹកនាំគណៈប្រតិភូចូលរួមទស្សនាឈ្វេងយល់សារមន្ទីរតេជោសន្តិភាព ដោយបានចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព ដែលកន្លងមកកម្ពុជា ស្ថិតនៅក្នុងសង្រ្គាមរ៉ាំរ៉ៃជាង៣០ឆ្នាំ ។
ឯកឧត្តមបណ្ឌិត បន្តថា បើទោះបីកម្ពុជាបានឆ្លងផុតពីភ្លើងសង្គ្រាមក៏ដោយ តែសង្រ្គាមមានបន្សល់នូវ គ្រាប់រំសេវមិនទាន់ផ្ទុះជាច្រើន បង្ករភាពភ័យខ្លាចដល់ប្រជាជនកម្ពុជា សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន មិនត្រឹមតែឆ្លុះបញ្ចាំងពីដំណើររបស់ប្រទេសកម្ពុជាពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីនទៅជាប្រទេសនាំមុខគេលើពិភពលោកក្នុងសកម្មភាពមីនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីការដោះស្រាយរួមគ្នាក្នុងបុព្វហេតុសកម្មភាពមីនមនុស្សធម៌ និងការអនុវត្តគោលការណ៍នៃអនុសញ្ញាអូតាវ៉ា នឹងអាចជំរុញរដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព និងកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ៕ ដោយ ប៊ុន រដ្ឋា