លោក ដៀប ពិសិដ្ឋ ដឹកនាំមន្ត្រីជំនាញ ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទឃុំផាត់សណ្តាយ  និងឃុំពាមបាង

0

កំពង់ធំ÷ លោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារ ឈរជើងនៅចំណុចឃុំផាត់សណ្តាយ បានធ្វើការអប់រំណែនាំប្រជានេសាទស្ម័គ្រចិត្ត ចុះរុះរើកាត់តម្រឹមឧបករណ៍នេសាទខុសច្បាប់ដោយខ្លួនឯង១២គ្រួសារ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប មានការអញ្ជើញចូលរួមពីលោក ជិន  ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងជាអនុប្រធានទទួលអចិន្រ្តៃយ៍ក្រុមការងារទីបញ្ជាការស្រាល ព្រមទាំងសហការី ដឹកនាំកម្លាំងទីបញ្ជាការស្រាលពាមបាង និងផាត់សណ្តាយ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុច ជ្រោយវែង ដល់ព្រែកបាទាល់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងចាប់ពីព្រែកបាទាល់ ដល់បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះកម្លាំងជំនាញចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប លទ្ធផលអនុវត្តចំនួន២ ករណីបានចុះរុះរើកាត់តម្រឹមរបាំងសាច់អួនលើសប្រវែងកំណត់ និងបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនចំនួន១៥របាំង ប្រវែង១៥០០ ម៉ែត្រ បង្គោលចំនួន១០០០ដើម របាំងសាច់អួនក្រឡាញឹក ចំនួន១២របាំង ប្រវែង៣៥០០ម៉ែត្រ ឡុកចំនួន២៤គ្រឿងលបឬលូចំនួន២៤មាត់ បង្គោលចំនួន២០០០ដើមចាក់លែងត្រីស្រស់ចម្រុះទម្ងន់៥០គីឡូក្រាម ចូលទន្លេវិញ។

ក្នុងថ្ងៃដដែលនេះ លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) ចូលរួមជាមួយក្រុមការងារទីបញ្ជាកាស្រាលប្រចាំស្រុកតាំងគោក ចុះប្រតិបត្តិការណ៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុច:គោងាប់ សចំណង់ ទំនប់តាធី កំពង់ស និងក្រពើសាហាវ ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន០១ករណី
បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងស្បៃមុង១៣របាំងប្រវែង១២៣៥ម៉ែត្រឡុកចំនួន១៣គ្រឿង លប/លូចំនួន១៣មាត់ បង្គោលចំនួន៤៣៥ដើម ចាក់លែងត្រីចម្រុះទំងន់២៥គីឡូក្រាមចូលទន្លេវិញ។

ចំណែកលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង  ក៏បានចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង បានចុះល្បាតដីព្រៃលិចទឹក(តំបន់៣) នៅសហគមន៍នេសាទស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ជាក់ស្តែងពុំប្រទះបទល្មើសនោះទេ ៕ ដោយ អ៊ុម ញឹប