បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារសិក្សាថ្មី និងអន្តេវាសិកដ្ឋាន សាលារៀន ចុង វ៉ា ស្ថិតនៅក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកឧកញ៉ា អុឹង វណ្ណម៉ៅ ប្រធានសមាគមន៍ខ្មែរ.ចិន បានឡើងអានរបាយការណ៍ថា៖ សាលារៀន ចុង វ៉ា បានកសាងឡើងក្នុងកំឡុងឆ្នាំ១៩៣៥ មានទីតាំងនៅខាងជើងវត្ត ឬស្សីក្រោក ស្ថិតក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។សាលារៀន ចុង វ៉ា បិតឲ្យដំណើរការនៅ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោយមានការយកចិត្តទុកដាក់ពីបងប្អូនសមាគមខ្មែរ.ចិន ស្រុកមង្គលបូរី ពិសេសសមាគមខ្មែរ.ចិន នៅកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការជ្រោមជ្រែងសព្វបែបយ៉ាងពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៥ សាលារៀនបានបើកដំណើរការឡើងវិញ ក្រោមការដឹកនាំគ្រប់គ្រងរបស់ លោក គួយ តាំង ដែលមានការអនុញ្ញាតនិងទទួលស្គាល់ជាផ្លូវការតាមរយៈប្រកាសលេខ០៣៦០/អយក ប្រកប ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ របស់ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យបើកសាលារៀនចំណេះដឹងទូទៅឯកជន ខ្មែរ.ចិន ចុង វ៉ា នេះឡើងវិញ បង្រៀនរហូតដល់ថ្នាក់បញ្ចប់អនុវិទ្យាល័យ មានសិស្សសរុប៩៧៤នាក់ ស្រី៤៦៧នាក់គិតមកដល់ឆ្នាំ ២០២៤នេះ។លោកឧកញ៉ា អុឹង វណ្ណម៉ៅ បានបន្តថា៖ ក្នុងឆ្នាំ២០២៤នេះដែរសាលារៀន ចុង វ៉ា បានកសាងអគារសិក្សាជាន់ទី២ មាន ១០បន្ទប់ ទំហំ១.០៨១ម៉ែតក្រឡារួមទាំងបន្ទប់ទឹក ចំនួន៧ ដែលចំណាយអស់ថវិកាចំនួន១៦៣.៥២២ដុល្លា ក្នុងនោះមានចាក់សាបក្នុងទីធ្លា សរុបថវិកាដែលចំណាយទៅលើសមិទ្ធិផលខាងលើអស់ទឹកប្រាក់ចំនួន២១.៤៤៩ដុល្លា សរុបថវិកាដែលចំណាយទៅលើសមិទ្ធផលនានាអស់ទឹកប្រាក់ចំនួន ២២៦.៧៤៧ដុល្លា ថវិកានៅសល់១៤.៣៣៤ដុល្លា សំរាប់កសាងអាគារ១ខ្នងទៀតមានបណ្តោយ៤១ម៉ែត្រ ទទឹង ១០.៤ម៉ែត្រមាន២ជាន់ ចែកចេញជា ៨បន្ទប់ គំរោងទឹកប្រាក់សាងសង់២១មុឺនដុល្លា។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍សំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំផ្សេងៗទៀត។
ឯកឧត្តម បានបញ្ជាក់ថា ៖ សាលារៀនគឺជាថ្នាលបណ្តុះបណ្តាលវិជ្ជា បង្កើនធនធានមនុស្ស សម្រាប់ជួយកសាងប្រទេសជាតិឲ្យធ្វើការរីកចម្រើន ត្រូវបានរាជរដ្ឋាភិបាលដាក់ពង្រាយខិតទៅជិតផ្ទះផ្តល់ភាពងាយស្រួលដល់កូនចៅប្រជាពលរដ្ឋយើងបានសិក្សារៀនសូត្រ ចេះដឹង មានការងារធ្វើ បង្កើនចំណូលគ្រួសាររស់នៅជីវភាពធូរធារ ។ជាពិសេស សូមមាតា បិតាបញ្ជូនកូនទៅសិក្សាឲ្យបានគ្រប់ៗគ្នានិងជួយសហការអប់រំកូនចៅឲ្យបានល្អដោយមិនទៅជាប់ពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀនគ្រឿងស្រវឹង ។
ទន្ទឹមជាមួយគ្នានោះឯកឧត្តម កែ គឹមយ៉ាន បានមានប្រសន៍បន្តថា៖ ការប្រឹងប្រែងរៀនសូត្ររបស់សិស្សដើម្បីគ្រេបយកចំណេះដឹង ចំណីធ្វើ បទពិសោធន៍ បំណិនជីវិត ប្រកបដោយសីលធម៍ការរស់នៅ ប្រចាំថ្ងៃដើម្បីក្លាយជា កុមារល្អ កូនល្អ សិស្សល្អ និងមិត្តល្អក្នុងនោះក៏មានការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូបង្ហាត់បង្រៀនដោយយកទុកដាក់អស់កំលាំងកាយចិត្តទៀតផងដែរ៕ដោយ៖ឃិន គន្ធា