អគារសិក្សា០១ខ្នងមាន០៦បន្ទប់ ស្ថិតក្នុងវិទ្យាល័យប្រាសាទបល្ល័ង្ល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

0

កំពង់ធំ៖ អគារសិក្សាចំនួនមួយខ្នង មាន៦បន្ទប់ ដែលជាអំណោយរបស់ ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា និង ធនាគារKB ប្រាសាក់ ស្ថិតនៅសាលាវិទ្យាល័យប្រាសាទបល្ល័ង្ក ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានមានប្រសាសន៍ស្វាគមន៍ជូនគណៈអធិបតី និងលើកឡើងថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្សជាសំខាន់ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព នឹងចីរភាព ដែលពោរពេញទៅដោយ សមត្ថភាព និងគុណភាព ដែលប្រទេសជាតិកំពុងតែអនុវត្តជាបន្តបន្ទាប់ ដើម្បីស្របតាម យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៌ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើន ហើយជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។

ក្នុងនោះប្រមុខថ្នាក់ដឹកនាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ ធនាគារKB ប្រាសាក់ ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ។ ក្នុងនោះដែរ លោកក៏បានចាត់ទុកសកម្មភាពមនុស្សធម៌ ពិតជាបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការសង្គម មនុស្សធម៍ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យ ដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី០៥ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសេសលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ ថែទាំសាលារៀនមួយនេះឲ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែងផងដែរ៕ អត្ថបទ វេហាស៍