កំពង់ធំ៖ ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អញ្ជេីញចូលរួមកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយ និងត្រួតពិនិត្យមេីលមុខងារក្នុងវិស័យធនធានទឹក និងឧតុនិយម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដេីម្បីលេីកយកនៅបញ្ហាប្រឈមក្នុងឃុំ-សង្កាត់ តាមបណ្តារក្រុង-ស្រុកក្នុងខេត្តកំពង់ធំ និងដាក់ទិសដៅបន្ត។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្ដម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ប្រធាន និងអនុប្រធានសហគមន៍កសិករប្រេីប្រាស់ទឹក ព្រមទាំងវត្តមាន អភិបាល អភិបាលរងស្រុក ឃុំ-សង្កាត់ ស្មៀនឃុំ និងកសិករប្រើប្រាស់ ទូទាំងខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០២៤។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម យិន ងួនកូលេនីន មានប្រសាសន៍ថា ក្រសួងធនធានទឹក និងឧតុនិយម ផ្តល់ជូនបញ្ជីមុខងារ (អនុមុខងារចំនួន ០៤) អនុវត្តដូចខាងក្រោម៖ ១.ការសាងសង់ និងជួសជុលថែទាំប្រឡាយជើងក្អែប២.ការគ្រប់គ្រង និងជួសជុលប្រព័ន្ធធារាសាស្ត្រខ្នាតតូច (ប្រើប្រាស់ថវិកាគម្រោងដែលក្រសួងផ្ទេរជូន និងថវិកាពីប្រភពផ្សេងៗទៀត)
៣.ការបង្កើត និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹកក្នុងប្រព័ន្ធធារាសាស្ត្រខ្នាតតូច។ (ចំពោះសហគមន៍កសិករប្រើប្រាស់ទឹកដែលភ្ជាប់នឹងប្រព័ន្ធធារាសាស្ត្រខ្នាតធំ ហើយកំពុង ដំណើរការសកម្មភាពរៀបចំមិនទាន់បានបញ្ចប់ មិនទាន់អាចផ្ទេរបានទេ ព្រោះពាក់ព័ន្ធជាមួយកញ្ចប់ថវិការបស់គម្រោងទាំងមូល)។
៤.ការគ្រប់គ្រង ការពារដីចំណីទន្លេ ស្ទឹង ព្រែក ប្រឡាយ ទំនប់អាងទឹក ជាដើម។
ឯកឧត្តម បញ្ជាក់ថា ការបង្កេីតនូវកិច្ចប្រជុំនេះឡេីង មានគោលបំណងលេីកឡេីង បញ្ហាប្រឈមដែលកេីតឡេីងនៅតាមឃុំសង្កាត់នីមួយៗ ដេីម្បី ដាក់ធាតុចូល រកមូលហេតុ និងដំណោះស្រាយសមស្របណាមួយ ដែលអាចជួយដល់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការបង្ករបង្កើនផល ទទួលបានទឹកសម្រាប់ស្រោចស្របក្នុងការងារកសិកម្ម៕អត្ថបទនិងរូបភាពដោយ យីម ប៊ុនហ័រ