ខេត្តព្រះវិហារ៖ ប្រសាសន៍របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើឡើងក្នុងគ្រាដែលលោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលផ្តល់ឈាមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា និងអញ្ជើញបញ្ចុះបឋមសិលា សាងសង់ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតក្នុងភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល ទទួលបន្ទុកខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ស្រុក យុវជនសហភាពសហព័ន្ធកម្ពុជា យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូបទៀតផងដែរ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងថា អគារមណ្ឌលផ្តល់ឈាមនេះ មានទំហំ ៤ម៉ែត្រ គុណ ១៦ម៉ែត្រ មានកន្លែងផ្តល់ឈាម កន្លែងប្រឹក្សាយោបល់ កន្លែងរង់ចាំ បន្ទប់ពិនិត្យសុខភាព បន្ទប់ប្រជុំ និងបានបំពាក់ឧបករណ៍ បរិក្ខាមួយចំនួនដូចជា ទូរទឹកកកសម្រាប់ទុកឈាមធម្មតា និងទូរទឹកកកសម្រាប់ទុកផ្លាស្មា ចំណាយអស់ថវិកា ៣ម៉ឺន ៥ពាន់ដុល្លារ ដែលងាយស្រួលមិនបាច់ចល័តយកមកពីភ្នំពេញ និងពីខេត្តសៀមរាបទៀតនោះទេ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា លោកបានដឹកនាំក្រុមគ្រួសារ ស.ស.យ.ក ខេត្ត ចូលរួមក្នុងវប្បធម៌ចែករំលែក បានធ្វើចលនាជាការផ្តល់ឈាម ក៏ដូចជាការជំរុញការផ្តល់ឈាមប្រកបដោយចីរភាព បញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកពេទ្យខេត្ត ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ។ លោកថា រយៈពេល ២ឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាមន្ត្រីរាជការនៅទូទាំងខេត្តព្រះវិហារ បានផ្តល់ឈាមជូនខេត្តប្រមាណ ២ពាន់ផ្លោក ហើយពិធីសម្ពោធអគារមណ្ឌលផ្តល់ឈាមនាពេលនេះ គឺដើម្បីអបអរសាទរខួបទី២០ឆ្នាំ នៃទិវាផ្តល់ឈាមពិភពលោក ហើយសម្រាប់ថ្ងៃនេះ លោកក៏បានស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមលើកទី២០ ផងដែរ។
លោកឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា អគារមណ្ឌលផ្តល់ឈាម នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ត្រូវបានសាងសង់ឡើង បង្កើតអគារមណ្ឌលផ្តល់ឈាមមួយ មានលក្ខណៈស្របនឹងស្តង់ដាបច្ចេកទេសវេជ្ជសាស្ត្រត្រឹមត្រូវ សម្រាប់ខេត្តព្រះវិហារ ពិសេសសម្រាប់ជំរុញចលនាបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ពីសំណាក់សាធារណជនឱ្យកាន់តែមានចំនួនច្រើនឡើង ដើម្បីបំពេញតម្រូវការឈាមសម្រាប់ជួយសង្រ្គោះ ដល់អាយុជីវិត ប្រជាពលរដ្ឋ ដែលត្រូវការឈាមជាបន្ទាន់ នៅក្នុងខេត្តព្រះវិហារ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តទាំងអស់ថា ក្រោយពីបានអគារមណ្ឌលផ្តល់ឈាមនេះទៅ គឺត្រូវធ្វើយ៉ាងណាឱ្យមានសកម្មភាពនៃការផ្តល់ឈាម ដើម្បីជាគោលដៅក្នុងការចូលរួមជួយដល់ប្រជាពលរដ្ឋ ដែលត្រូវការចាំបាច់ទៅលើឈាម ដើម្បីសង្គ្រោះអាយុជីវិតរបស់ពួកគាត់។
ស្របពេលជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានអញ្ជើញកាត់ខ្សែបូរណ៍ សម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌលផ្តល់ឈាម និងបានចូលរួមបរិច្ចាកឈាមលើកទី១៣ ប្រកបដោយភាពស្និទ្ធស្នាល ផងដែរ៕ដោយ៖ឡុង សំបូរ