លោកជំទាវ ពុំ ចន្ទីនី អញ្ជើញកាត់ខ្សែបូក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនច្រោះទឹកពិសារមានសុវត្ថិភាព នៅវិទ្យាល័យ ហ៊ុន សែន រុងរឿង

0

កំពង់ធំ÷ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានប្រារព្ធពីធីដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនច្រោះទឹកពិសារមានសុវត្ថិភាពនៅវិទ្យាល័យរុងរឿង ស្រុកស្ទោង  ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រមកម្ពុជា លោកជំទាវ លំ គន្ធារី ប្រធានស្ដីទីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោក ហ័ង អាញ់យុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីបកូ (SIPCO) និងក្រុមការងារ មន្រ្តីសាខា លោកអភិបាលស្រុក និងសិស្សានុសិស្សនៅព្រឹកថ្ងៃទី០១ ខែធ្នូឆ្នាំ២០២៤។

លោក ហ័ង អាញ់យុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីបកូ (SIPCO) បានថ្លែងថា ក្រុមហ៊ុនភាគហ៊ុនរួមគ្នាជំរុញការវិនិយោគ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(SIPCO) ដែលត្រូវបាន បង្កើតឡើងក្នុងឆ្នាំ២០១៩ គឺជាក្រុមហ៊ុនឯកជនមួយនៅក្នុងប្រទេសវៀតណាម ដែលធ្វើការដើម្បីកាត់បន្ថយ ភាពក្រីក្រ និងកែលម្អបរិស្ថានក្នុងស្រុក ដែលចូលរួមការប្រែប្រួលអាកាសធាតុ។ ការបង្កើតគម្រោងដែលជួយ ប្រជាពលរដ្ឋឱ្យទទួលបានចង្ក្រានថាមពលដែលមានប្រសិទ្ធភាព ទឹកពិសាប្រកបដោយសុវត្ថិភាព និងថាមពលកកើតឡើងវិញ។ សម្រាប់ប្រើប្រាស់ហិរញ្ញវត្ថុកាបូន និងសង្គម ដើម្បីពង្រីកដំណើរការគម្រោងទាំងនេះ SlPCOផ្តោតលើ គម្រោងកាបូន និងការបន្សុតទឹក។

លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីបកូ (SIPCO) បានបញ្ជាក់បន្ថែមទៀតថា(SIPCO) គឺជាអ្នកឧបត្ថម្ភគាំទ្រគម្រោងចម្លោះទឹកស្អាតក្នុងប្រទេសវៀតណាមដែលមានគោលបំណងផ្តល់ទឹក ស្អាតដល់កុមារក្នុងសាលារៀនប្រហែលពីរលាននាក់។ គម្រោងនេះមានដៃគូជាមួយធនាគារពិភពលោក ហើយ មានការចូលរួមពីមូលបត្របំណុលដែលទាក់ទងនឹងការកាត់បន្ថយកាយបំភាយចំនួន៥០លានដុល្លារ ដើម្បីទាក់ទាញដើមទុនឯកជន។ SIPCO មានកិច្ចសន្យារយៈពេល 10 ឆ្នាំជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល ដើម្បីផលិត និងចែកចាយម៉ាស៊ីនចម្លោះទឹកចំនួន ៣០០.០០០ គ្រឿង។ ម្ចាស់និងនាយកគ្រប់គ្រងរបស់ SIPCO គឺក្រុមហ៊ុនប្រឹក្សាវិនិយោគ និងពាណិជ្ជកម្ម លីមីតធីត (INTRACO) ដែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងបរិស្ថាន និងសុវត្ថិភាព។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជាសម្តេច មិនបានអញ្ជើញមកដោយផ្ទាល់តែ សម្តេចតែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ (រស់នៅស្អាត ហូបស្អាត និងផឹកស្អាត) ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរ បង្កបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង ៕ អត្ថបទលោក ធូ កែវមុន្នី