កំពង់ធំ÷ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងចូលរួមបំពាក់កន្សែងជូនដល់យុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យ ហ៊ុន សែន រុងរឿងស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន១១៧នាក់។
កម្មវិធីសំណេះសំណាល និងបំពាក់កន្សែងដល់យុវជនក៏មានការអញ្ជើញចូលរួមពីលោកជំទាវ លំ គន្ធារី ប្រធានស្ដីទីសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីសាខា លោកអភិបាលស្រុក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាប្រមាណជាង៤០០នាក់ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា សិស្សានុសិស្សទាំងអស់ត្រូវតែអនុវត្តក្រមសីលធម៌ មិត្តអប់រំមិត្ត មិនបណ្ដោយខ្លួនឱ្យធ្លាក់ចូល ក្នុងអំពើមិនល្អ មានល្បែងពាលា គ្រឿងញៀន ក្មេងទំនើង បងតូច បងធំ និងធ្វើជាគំរូក្នុងការ អូសទាញមិត្តភក្តិដែលដើរផ្លូវខុសឱ្យងាកមករកផ្លូវត្រូវវិញ។ ចូលរួមធ្វើសកម្មភាពជាក់ស្តែង ដូចជា៖ សុវត្ថិភាពចរាចរណ៍ អនាម័យ បរិស្ថាន អប់រំថែទាំសុខភាព ដល់សហគមន៍ ចូលរួមចំណែកទប់ស្កាត់អំពើអសីលធម៌ក្នុងសង្គម ដូចជាគ្រឿងញៀនក្មេងទំនើង អំពើហិង្សា ជាដើម។
លោកជំទាវ លំ គន្ធារី បានលើកឡើងថាសូមក្មួយៗចូលរួមលើកកម្ពស់គុណតម្លៃឯកសណ្ឋាន ប្រកបដោយកិត្តិយស តាមរយៈការកសាងបេះដូង មនុស្សធម៌ និងស្មារតីមនុស្សជាតិ។ ចូលរួមអនុវត្តឱ្យបានល្អ ក្រឹត្យវិន័យរបស់កាកបាទក្រហមកម្ពុជា គឺត្រូវធ្វើជាគម្រូល្អសម្រាប់ យុវជនដទៃ តាមរយៈការប្រើប្រាស់យុវភាពរបស់ខ្លួន ជាប្រយោជន៍ដល់សង្គម ធ្វើឱ្យពីមួយថ្ងៃ ទៅមួយថ្ងៃ យុវជនល្អកាន់តែ មាន ច្រើន រីឯក្មេងទំនើងដែលបង្កបាតុភាពអសកម្មផ្សេងៗដល់សង្គម កាន់តែមានចំនួនថយចុះ និងឈានទៅមិនឱ្យ មានជាស្ថាពរ។ បន្តចូលរួមអនុវត្តកាន់តែសកម្ម ការជួយសង្គ្រោះជីវិតអ្នករងគ្រោះ កាត់បន្ថយការឈឺចាប់សម្រាលទុក្ខ លំបាករបស់អ្នកងាយរងគ្រោះ បញ្ឈប់ការរើសអើង ប្រកបដោយឆន្ទៈក្លាហានមោះមុត និងត្រូវរក្សាឱ្យបានសាមគ្គីភាព និងសហការជិតស្និទ្ធក្នុងក្រុម។ ពង្រឹងរក្សាសាមគ្គីភាពរឹងមាំ គ្មានការបែងចែករវាងអ្នកមានឯកសណ្ឋាន និងអ្នកពុំមាន ឯកសណ្ឋាន សំដៅពង្រឹងកម្លាំងយុវជនឱ្យស្ថិតនៅជាកម្លាំងស្នូលក្នុងការជួយសង្គ្រោះអ្នកងាយរងគ្រោះនៅតាមគោលដៅ របស់ខ្លួន។ ចូលរួមទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព គ្រោះថ្នាក់ចរាចរណ៍។ ចូលរួមសម្អាតបរិស្ថាន និងផ្សព្វផ្សាយពីផលវិបាកការប្រើប្រាស់ថង់ផ្លាស្ទិក។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានផ្ដាំផ្ញើដល់ប្អូនៗដែលជាសិក្សានុសិស្ស ត្រូវតែខិតខំអនុវត្តឱ្យបានល្អ វិន័យបទបញ្ជារបស់យុវជនកាកបាទក្រហមកម្ពុជា។ ប្តេជ្ញាប្រកាន់ខ្ជាប់នូវស្មារតី សាមគ្គីភាពរវាងគ្នា និងគ្នារវាងយុវជនកាកបាទក្រហមកម្ពុជា និងយុវជនដទៃទៀត ក្នុងការ បំពេញបេសកម្មមនុស្សធម៌ចៀសវាងឱ្យបានដាច់ខាតទង្វើទាំងឡាយណាដែលនាំទៅដល់ការ បែកបាក់ ប្រេះស្រាំ សាមគ្គីភាព។ ខិតខំរៀនសូត្រយកចំណេះវិជ្ជាដើម្បីក្លាយជាកូនល្អ សិស្សល្អ យុវជនល្អ មិត្តល្អ ពលរដ្ឋល្អមិនធ្វើអំពើអសីលធម៌ផ្សេងៗដែល នាំឱ្យអ្នកមានគុណ ពិបាកចិត្ត និងមានទុក្ខ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាការប្រឈមដ៏ធំកើតមាន ឡើងជា រៀងរាល់ថ្ងៃ ហើយក៏ជាកង្វល់ដែលយើងទាំងអស់គ្នាត្រូវនាំគ្នាទប់ស្កាត់ សូមឱ្យប្អូនៗទាំងអស់ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯងគ្រួសារ និងសង្គមជាតិទាំងមូល៕ អត្ថបទលោក ធូ កែវមុន្នី