ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំធ្វើពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)ក្រោមអធិបតីភាព លោក ម៉ែន កល្យាណ អភិបាលរង នៃគណ:អភិបាលខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង និងក្រុមគ្រួសារ មាតា បីតា របស់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី បានអញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាល និងជូនដំណើរផងដែរ។ លោកអភិបាលរងខេត្តបានផ្តាំផ្ញេីដល់យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖
1-ត្រូវតែការពារអោយបានដាច់ខាតនូវសុខសន្តិភាពនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
2-ត្រូវរក្សាការស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិនិងលើកកម្ពស់មនសិការស្នេហាជាតិ គោរពអោយបានមុឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់ កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិការពារឯករាជ្យភាពសន្តិភាព ការពារបន្ទាត់ព្រំដែន និង បូរណភាពទឹកដី។
3-ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាពស្ថេរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈទាំងនៅក្នុងក្របខណ្ឌភូមិសាស្ត្រខេត្ត និងក្របខណ្ឌទូទាំងប្រទេស។
4-ត្រូវរក្សាការសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អប្រសើរជាពិសេសជួរ នាយទាហ៊ាននិងមេបញ្ជាការត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យអោយបានខ្ជាប់ខ្ជួន។
5-ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ផ្សេងៗអោយបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រងថែរក្សាសម្ភារៈ
បរិក្ខាសព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗអោយបានល្អប្រើប្រាស់អោយចំទិសដៅ និងទុកដាក់ថែរក្សាអោយបានត្រឹមត្រូវ។
6-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ពន្ធ័ និងប្រជាពលរដ្ឋក្នុងគោលដៅពង្រឹងការទំនាក់ទំនងបង្កើនការជឿជាក់ ការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋនិងជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានា ជាយថាហេតុ។
7-ត្រូវយកចិត្តទុកដាក់គ្រប់គ្រង កម្លាំងទ័ពអោយបានហ្មត់ចត់និងមានវិធានការជាក់ស្តែងក្នុងការចិញ្ចឹមទ័ពលើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខាមាលភាពយោធិនអោយបានមាំមួន ចៀសវាងជម្ងឺឆ្លងផ្សេងៗ ។
ជាចុងបញ្ចប់នៃពិធីនេះ លោកអភិបាលរងខេត្តបាននាំយកនូវថវិកាឧត្តម្ភរបស់ឯកឧត្តមអភិបាលខេត្តចំនួន២លានរៀលជូនដល់សិក្ខាមដែលទៅហ្វឹកហាត់ផងដែរ៕គឹមសេង