ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៤) ទិវា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ដែលពិធីនេះប្រព្រឹត្តទៅនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែល​មាន​មហាជន​ចូលរួម​ប្រមាណ​ជិត​ ៥០០​ នាក់​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងថ្លែងសន្ទរកថា របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីប្រវត្តិ នៃកម្លាំងអ្នកស្នេហាជាតិ មកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស បានក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានរំលេចក្នុងសន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពុះពារគ្រប់ការលំបាក និងបានដាក់ចេញ ព្រមទាំងការដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយប្រទេសជាតិ ត្រូវបានការអភិវឌ្ឍឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ  ។ ហើយក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី​ បន្ត​ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កំពុងដឹកនាំការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមដំបូលសុខសន្តិភាព។

លោកស្រី មឿង សុខឃីន តំណាងសមាជិក សមាជិកានៃអង្គមិទ្ទិញទាំងមូល សូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា  ដោយបានបញ្ជាក់ថាមានថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ។ ហើយមានថ្ងៃ មហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ ។ យើងចងចាំជានិច្ច ដោយចាត់ទុក រណសិរ្ស២ធ្នូ គឺជាបុព្វការីដ៏មានគុណបំផុតរបស់ យើងទាំង អស់គ្នា !
ប្តេជ្ញា! រួមរស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរណសិរ្ស ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិ ៕