ពលរដ្ឋក្នុងស្រុកស្រីសន្ធរ​ បានស្នើសុំដោះស្រាយបញ្ហាផ្សេងៗ ១៤ករណី ក្នុងអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​

0

កំពង់ចាម: ប្រជាពលរដ្ឋ​ក្នុងស្រុកស្រីសន្ធរ​ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់សរុប ១៤ករណី ត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៤ ធ្វើការឆ្លើយតបភ្លាមៗបានមួយចំនួន​​ ចំពោះ​ករណីដែលនៅសេសសល់ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០២៤ នៅវត្តព្រែកពោធិ៍មង្គល ស្ថិតក្នុងឃុំព្រែកពោធិ៍​ ស្រុកស្រីសន្ធរ​ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត​ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ។

ក្នុងអង្គវេទិកានេះ​ ឯកឧត្តម​ ​​ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម​ បានដឹកនាំការឆ្លើយតបសំណើរ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងរួមមាន​ ការស្នេីសុំបិទល្បែងស៊ីសងអនឡាញក្នុងមូលដ្ឋាន សុំផ្គត់ផ្គង់អគ្គិសនីលើវិស័យកសិកម្ម សុំស្តារកំផ្លោក ដែលបង្កឱ្យមានការរាំងស្ទះផ្លូវទឹក សុំផ្លូវធ្វើដំណើរ និងសុំកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ បញ្ហា គ្រោះមហន្តរាយបាក់ច្រាំទន្លេ បញ្ហាប្រជាពលរដ្ឋមានទំនាស់ជាមួយក្រុមហ៊ុនអគ្គិសនី បញ្ហាដាក់បញ្ចាំប្លង់ដី បញ្ហាសេវាកម្មប័ណ្ណកម្មសិទ្ធិដីធ្លី បញ្ហាដីធ្លីមានទំនាស់ បញ្ហាកង្វាសទឹកស្អាតប្រើប្រាស់ បញ្ហាចោលសំរាមពាសវាលពាសកាល បញ្ហាអភិវឌ្ឍន៍ឈូសឆាយទំនប់ និង ការដាក់សម្រាស ។ល ។

ជាមួយគ្នានោះ​ ​ឯកឧត្តម​ ខ្លូត​ ផន​ ​ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា​ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​ យើងទាំងអស់គ្នា​ បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗ​ សម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល​ ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុង​គោលបំណង​ពង្រឹងយន្តការ តម្លាភាព និង​លើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ​ ៕