មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយក្រុមការងារឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែប្រវែងជាង ២១គីឡូម៉ែត្រ នៅស្រុកសណ្ដាន់

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានដឹកនាំសហការី រួមដំណើរដោយលោកអភិបាលស្រុក និងលោកមេឃុំដងកាំបិត ស្រុកសណ្ដាន់ បានសហការជាមួយក្រុមការងាររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានទៅត្រួតពិនិត្យ និងសិក្សាផ្លូវមួយខ្សែពីទីរួមស្រុកសណ្ដាន់ ទៅកាន់ឃុំដងកាំបិត ដែលមានចម្ងាយប្រវែង២១,២៥០ម៉ែត្រ ដែលមានការខូចខាតលំបាកក្នុងការធ្វើដំណើររបស់ប្រជាជនពីរឃុំគឺឃុំសណ្ដាន់ និងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោងតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានបញ្ជាឲ្យក្រុមការងារ រួមជាមួយអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ ដើម្បីសិក្សាផ្លូវមួយខ្សែ ពីទីរួមស្រុកសណ្ដាន់ ទៅឃុំដងកាំបិត ដែលកន្លងមកមានការខូចខាតយ៉ាងខ្លាំងលំបាកក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលនានារបស់ប្រជាជន ពិសេសនៅក្នុងរដូវវស្សា។

លោក លន់ យ៉េន មេឃុំដងកាំបិត ស្រុកសណ្ដាន់ បានសំណូមពរដ៏ទទូច សុំឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេត្តាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ចំនួន ២ឃុំ គឺឃុំសណ្ដាន់ និងឃុំដងកាំបិត ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវនេះ  ព្រោះក្នុងរដូវវស្សាកន្លងទៅមានការលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ។

តំណាងក្រុមការងាររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក្រោយពីបានត្រួតពិនិត្យផ្លូវលំក្រាលគ្រោះក្រហម ដែលមានប្រវែង ២១,២៥០ ម៉ែត្រ ឃើញថាមានការលំបាកពិតប្រាកដមែន ហើយក្រុមការងារនឹងយកសំណូមពររបស់មូលដ្ឋាន ដើម្បីគោរពរាយការណ៍ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដើម្បីពិនិត្យ និងសម្រេចនៅពេលខាងមុខនេះ។ អត្ថបទ វេហាស៍