ខេត្តព្រះសីហនុៈ យុវជនជាប់សង្ស័យពីបទលួចយ៉ាងសកម្មនៅចំនុចផ្សារឃ្លាំងលើក្រុងព្រះសីហនុម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ១សហការជាមួយប្រជាការពារភូមិ៣ ធ្វើការឃាត់ខ្លួនបានហើយនៅវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២៩តុលាឆ្នាំ២០៤ នៅចំនុច
ក្រុមទី១១ភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ។ យោងតាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ១ បានអោយដឹងថា យុវជនដែលបានឃាត់ខ្លួនដោយជាប់សង្ស័យពីបទអំពើលួចយ៉ាងសកម្មនៅក្នុងភូមិ៣(ក្នុងផ្សារឃ្លាំងលើ)មានឈ្មោះ សេង វណ្ណា ហៅក្រឹមភេទ ប្រុស អាយុ២៤ឆ្នាំមានទីលំនៅកន្លែងឃាត់ខ្លួន មានមុខរបរមិនពិតប្រាកដ។
ប្រភពសមត្ថកិច្ចដ៏ដែលបញ្ជាក់ថា នាពេលកន្លងមក យុវជនរូបនេះតែងតែបានដើរធ្វើសកម្មភាពយ៉ាងសកម្ម លួចរបស់របរ មិនរើសមុខអោយតែប៉ះ នៅក្នុងភូមិ សង្កាត់លេខ១ ក៏ដូចជានៅតាមសង្កាត់ នា នា នៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែខាងសមត្ថកិច្ច ចាប់ខ្លួនពុំបានដោយសារ ពុំមានភ័ស្តុតាងជាក់ស្តែង រហូតនៅយប់ថ្ងៃទី២៨ខែតុលាឆ្នាំ២០១៤ យុវជនសង្ស័យបានចូលទៅក្នុងផ្សារឃ្លាំងលើលួច ប៊ិនត្រី (ធុងក្លាស់សេត្រី) នៅក្នុងផ្សារ ហើយត្រូវបានម្ចាស់ស្គាល់មុខប្តឹងមកសមត្ថកិច្ចតាមចាប់ខ្លួនដល់ផ្ទះ។កន្លងមកស្ទើរជារៀងរាល់យប់យុវជនសង្ស័យរូបនេះតែងតែដើរ តាមផ្ទះប្រជាពលរដ្ឋក្នុងភូមិ ហើយបើប៉ះអីច្បាស់ជាយករបស់នោះ មិនរើសមុខឡើយ។
យោងតាមសម្លើយយុវជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានដើរលួចរបស់របរប្រជាពលរដ្ឋពិតមែន ប៉ុន្តែមិនជាធំដុំនោះ គឺលួចយកមកលក់ដូរផឹកស៊ីបន្តិចបន្តួចប៉ុណ្ណោះ ហើយនៅយប់មុនចាប់ខ្លួនបានចូលក្នុងផ្សារឃ្លាំងលើ លួចប៊ិនត្រីចំនួន១ ដោយក្នុងនោះមានត្រីប្រហែល៥ ទៅ៦គីឡូគ្រាម តែត្រីនោះខ្លួនបានយកមកធ្វើម្ហូបក្លែមអស់ហើយ នៅសល់តែប៊ិនត្រីប៉ុណ្ណោះ។បច្ចុប្បន្នយុវជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនិតិវិធីបន្ត៕