ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ខែតុលានេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ទនឹងបទល្មើសជួញដូរគ្រឿងញៀនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ មន្ត្រីកងរាជអាវុធហត្ថ
ខេត្តសៀមរាបបានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង២នាក់នោះ ត្រូវបានចាប់ខ្លួនកាលពីម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៩ខែតុលាឆ្នាំ២០១៤ត្រង់ចំណុច ភូមិដកពោធិសង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
មន្ត្រីអាវុធហត្ថដដែលបានអោយដឹងទៀតថាបុរសទាំង២នាក់ដែល ត្រូវបានឃាត់ខ្លួននោះម្នាក់ឈ្មោះជាសុផលភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដនិងម្នាក់ទៀតឈ្មោះទេពលីនភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដដែរ។
មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថាក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបាន នូវគ្រឿងញៀន៣កញ្ចប់តូច១ធំ២ស្មើនិង៦,៧៣ក្រាមទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូ ម៉ាកស្កុបពីព័ណស១គ្រឿងសំរាប់ជិះធ្វើសកម្មភាពចែកចាយទុកជាភ័ស្តុតាង៕ច័ន្ទសុភាព