កំពង់ធំ÷ដោយមានការយកចិត្តដាក់ពីព្រះគ្រូគម្ពីរប្បញ្ញោ ហួរ ចាន់ហេន ព្រះចៅអធិការវត្តធម្មឃោសិតារាម(ហៅវត្តស្លែង) គណៈកម្មការទូក និងអាចារ្យវត្ត លោក ពៅ វណ្ណា អនុប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ និងក្រុមការងារ បានអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស ដើម្បីយកបច្ច័យមកកសាងទូក(ង)ឈ្មោះ ស្ទឹងសែនមានជ័យ ដែលកំពុងតែទ្រុឌទ្រោម សព្វថ្ងៃកំពុងកសាងឱ្យក្លាយជាទូកមានសោភ័ណភាពស្រស់ស្អាត ក្នុងពេលឆាប់ៗខាងមុខនេះ ចូលរួមប្រកួតយកជ័យលាភីជូនវត្តធម្មឃោសិតារាម(ហៅវត្តស្លែង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
ព្រះគ្រូគម្ពីរប្បញ្ញោ ហួរ ចាន់ហេន ព្រះចៅអធិការវត្តធម្មឃោសិតារាម(ហៅវត្តស្លែង) មានសង្ឃដីកាថាទូក(ង)ឈ្មោះ ស្ទឹងសែនមានជ័យ ជាទូកដែលកសាងឡើងដោយឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានព្រឹទ្ធសភា ក្នុងឆ្នាំ២០០៥ ការជួយជ្រោមជ្រែង និងការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនក្នុងការប្រគួតកន្លងមក។ ទូកងនេះមានភាពឈ្មោះល្បីល្បាញ់ មានអាយុកាល១៩ឆ្នាំហើយ ព្រោះប្រណាំងម្ដងៗនៅទីរួមខេត្តកំពង់ធំ និងរាជធានីភ្នំពេញយកឈ្នះលើគូរប្រគួតជារៀងរាល់ឆ្នាំ ទូកនេះមានចំណុះបាន៧៥នាក់ សព្វថ្ងៃមានសភាពចាស់ទ្រុឌទ្រោម កំពុងជួសជុលលើកក្ដារថ្មី តុបតែងឱ្យមានសម្រស់កាន់តែល្អបន្ថែមទៀត។
ព្រះគ្រូគម្ពីរប្បញ្ញោ ហួរ ចាន់ហេន មានសង្ឃដីកាថ្លែងអំណរគុណដល់សប្បុរសជនក្នុងនិងក្រៅប្រទេស តែងតែឧបត្ថម្ភនិងគាំទ្រដោយទូក(ង) កន្លងមក ដើម្បីឱ្យវត្តធម្មឃោសិតារាម(ហៅវត្តស្លែង) មានទូកកាន់តែច្រើន ពីព្រោះទូកចាស់ៗកន្លងមកបានខូចបាក់បែកអស់ទៅហើយ។អាស្រ័យហេតុនេះហើយវត្តចង់រក្សាឈ្មោះទូកដែលល្បីបានពីមុនឱ្យនៅគង់វង្ស ដើម្បីរក្សាទុកនៅស្នាដៃពីជំនាន់មុនដែលកន្លងផុតទៅ ទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ទូក(ង)ដែលឈ្មោះល្បីល្បាញនៅក្នុងខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី