ដោយ វេហាស៍
ខេត្តកំពង់ធំ÷ លោក សាយ គឹមឡម បានធ្វើការអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ម្ចាស់ផ្ទះ ២ផ្ទះដែលរងគ្រោះដោយអគ្គីភ័យនៅព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៤ ។
ជាមួយគ្នានេះលោក បានជំរុញដល់អាជ្ញាធរក្រោមឱវាទត្រូវអំពាវនាវឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសប្រព័ន្ធអគ្គិសនីនៅក្នុងគេហដ្ឋានត្រូវតែតាមបទដ្ឋានបច្ចេកទេសនិងប្រព័ន្ធសុវត្ថិភាព ហើយកុំទុកដាក់សំរាមផ្ដេសផ្ដាសឬដុតចោលបែបអាណាធិបតេយ្យដែលនាំឱ្យប៉ះពាល់បរិស្ថានសុខសុវត្ថិភាព និងត្រូវទុកដាក់សំរាមជូនភ្នាក់ងារប្រមូលឱ្យបានត្រឹមត្រូវ។
លើសពីនេះលោកបានកោតសរសើរខ្ពស់ដល់កងកម្លាំងទាំងបីនិងក្រុមពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកនិងឧកញ៉ា លីម ប៊ុណ្ណា ដែលបានអន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលាកុំឱ្យមានការឆាប់ឆេះរាលដាលបន្ថែមទៀត។
សូមបញ្ជាក់ថាម្ចាស់ផ្ទះទី១ឈ្មោះ សុខ ចាន់រម្យនាថ ភេទស្រីអាយ៣៨ឆ្នាំ បណ្តាលអោយខូតខាតផ្ទះ១ខ្នង ទំហំ១២ម៉ែត្រ គុណ១២ម៉ែត្រ ផ្ទាល់ដី និងទ្រព្យសម្បត្តិសម្ភារទាំងស្រុង នៅភូមិឈើទាល ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលឆេះកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ហើយម្ចាស់ផ្ទះទី២ ឈ្មោះ ឃិត ប៉េង ប្រពន្ធឈ្មោះ ប៉ូច រ៉ៃ រស់នៅភូមិសណ្ដាន់ ឃុំចំណាយក្រោមស្រុកស្ទោង ខេត្តកំពង់ធំ ដែលភ្លើងឆាបឆេះផ្ទះកាលពីថ្ងៃទី០២ ខៃធ្នូឆ្នាំ២០២៤ ហើយលោកបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន និងថវិកាសរុប៥៥ម៉ឺនរៀលផងដែរ៕