សៀមរាប : នៅសាលានគរបាលជាតិភូមិភាគទី៤ ទីតាំងភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នាយកដ្ឋានបណ្តុះបណ្តាល បានរៀបចំបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់បេក្ខជនជ្រើសរើសថ្មីចំនួន ១៨៥
នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងនេះ មានកម្មសិក្សាការិនី ចំនួន៣៤នាក់ ។
នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនិងជាប្រធានគណបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ និងជាតំណាងជំនួសមុខ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ព្រមទាំងមានវត្តមានផងដែរ ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ។លោកវរសេនីយ៍ឯក ហុង ណារ៉ុង នាយកសាលានគរបាលជាតិភូមិភាគ៤ បានធ្វើរបាយការណ៍បើកវគ្គ បណ្តុះបណ្តាលនេះថា ៖ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ខែ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ។
កម្មវិធីសិក្សា ត្រូវបានបំពាក់បំប៉នលើចំណេះដឹងជំនាញមូលដ្ឋាន៨៤ម៉ោង ចំណេះដឹងជាមូលដ្ឋានអំពីច្បាប់៥៦ម៉ោង ចំណេះដឹងជាមូលដ្ឋាននៃវិជ្ជាជីវៈនគរបាល៧៦ម៉ោង កីឡាកាយ សម្បទា៦៥ម៉ោង និង កម្មសិក្សាប្រតិបត្តិចំនួន១៦ម៉ោង ។ នៅក្នុងកម្មវិធីសិក្សាទាំង៥ខាងលើ គឺមានចំនួន៤២មេរៀន ត្រូវបានវគ្គសិក្សាផ្តល់ជូនកម្មសិក្សាការី ក្រោមការបង្ហាត់បង្រៀនដោយគ្រូឧទ្ទេសនាម មកពីនាយកដ្ឋានបណ្តុះបណ្តាល និង បណ្ឌិត្យសភានគរបាលកម្ពុជា ។
ថ្លែងបើកវគ្គបណ្តុះបណ្តាលនេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាប្រធានគណបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ និងក្នុងនាមជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកបង្ហាញថា ៖ ការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាជ្រុងមួយនៃការអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និង គោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល កម្ពុជា ពិសេសផែនការកំណែទម្រង់កងកម្លាំងនគរបាលជាតិ ដែលខ្លឹមសារសំខាន់នៃផែនការកំណែទម្រង់នេះ គឺការរៀបចំរចនាសម្ព័ន្ធក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឲ្យមានចំនួនសមស្រប និង កសាងធនធានមនុស្ស ក្នុងជួរកងកម្លាំងនគរបាលជាតិ ឲ្យមានវិជ្ជាជីវៈរបស់ខ្លួន មានបច្ចេកវិទ្យាទំនើប មានសមត្ថភាពបំពេញភារកិច្ច មានស្មារតីទទួលខុសត្រូវក្នុងការគោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស រក្សាសន្តិសុខសណ្តាប់សង្គម រក្សាការពារអាយុជីវិត ទ្រព្យសម្បត្តិ និងបំរើសេវាជូនប្រជាពលរដ្ឋ ដោយស្មោះត្រង់ ។
ផ្តល់អនុសាសន៍សម្រាប់វគ្គបណ្តុះបណ្តាលនេះ នាយឧត្តមសេនីយ៍ ខេង សុមេធ មានចំណាប់អារម្មណ៍ទៅលើការជម្រុញឲ្យយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ ការចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ការងារគ្រប់គ្រងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងការងារដោះស្រាយបញ្ហា កក ស្ទះចរាចរណ៍ ។ បើទោះជាយ៉ាងណា ឯកឧត្តម បានបញ្ចាក់ថា ៖ រយៈពេល២ខែសម្រាប់វគ្គបណ្តុះបណ្តាលនេះ វាពិតជាមិនគ្រប់គ្រាន់នោះទេ ក្នុងការប្រើប្រាស់ពេលវេលា ផ្តល់ចំណេះជំនាញជូនដល់សិក្ខាកាម ហើយឯកឧត្តមក៏បានសំណូមពរផងដែរ សូមឲ្យគ្រូឧទ្ទេសនាម ប្រើប្រាស់ពេលវេលាឲ្យអស់លទ្ធភាព ហើយសូមឲ្យកម្មសិក្សាការីនៃវគ្គបណ្តុះបណ្តាលនេះ ព្យាយាមសិក្សារៀនសូត្រ និងប្រកាន់ខ្ចាប់នូវសីលធម៌សាមគ្គីភាព កសាងអនុស្សាវរីយ៍ដ៏ល្អ នៃសិក្ខាកាមរួមជំនាន់យើងនេះ ។
ជាមួយឱកាស នៃការបើកវគ្គបណ្តុះបណ្តាលនេះនាយឧត្តមសេនីយ៍ ខេង សុមេធ បានឧបត្ថម្ភថវិកាចំនួន ៩,២៥០,០០០រៀល សម្រាប់សិក្ខាកាមទាំង១៨៥នាក់ និងសម្រាប់គ្រូឧទ្ទេសនាម១៦នាក់ មានថវិកាចំនួន ១,៦០០,០០០រៀល ។ ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាលានគរបាលជាតិភូមិភាគទី៤ ឯកឧត្តម បានឧបត្ថម្ភ នូវការកសាងអាគារស្នាក់នៅសម្រាប់សិក្ខាកាម ចំនួន១ខ្នង បន្ថែមផងដែរ ៕ ដោយ ខេង ខេមរា