ពលរដ្ឋក្នុងស្រុកកោះសូទិន បានស្នើសុំដោះស្រាយ ៧ករណី នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

0

កំពង់ចាម: ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់ចំនួន ៧ករណី ត្រូវបានអង្គវេទិកាឆ្លើយតប និងបកស្រាយបំភ្លឺបានចំនួន ១ករណី ដោយឡែក ករណីដែលនៅសេសសល់ ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយបន្តនៅពេលក្រោយ ខណៈអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី១ អាណត្តិទី៤ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវត្តមហាលាភ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ។

ក្នុងអង្គវេទិកានេះ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានដឹកនាំការឆ្លើយតបរាល់សំណើរ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើក ឡើងរួមមាន ការស្នើសុំ ជួសជុលផ្លូវបេតុង បន្ទាប់ពីរងការបាក់ស្រុត និងសុំកសាងផ្លូវបេតុងថ្មីបន្ថែម បញ្ហាចុះឈ្មោះកូនចៅបន្ថែមលើប័ណ្ណសមធម៌ បញ្ហាល្បែងស៊ីសងអនឡានក្នុងមូលដ្ឋាន និងបញ្ហាសេវាអគ្គិសនីខ្សោយ បង្កឱ្យមានការលំបាកក្នុងការប្រើប្រាស់ម៉ូទ័របូមទឹក។ ល ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា តាមរយៈអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជាបានផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណេីរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។ វេទិកាថ្ងៃនេះ ក៏បានបង្ហាញអំពីតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈការអនុវត្តសកម្មភាពរយៈពេលកន្លងមក ក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ។

ជាមួយគ្នានោះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់ រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕