ជនសង្ស័យដែលបាញ់ប្រហាទៅលើអ្នកសារព័ត៌មានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួនបានហើយជារឿងទំនាស់បុគ្គល

0

សៀមរាប៖ ជនសង្ស័យឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប  ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប ធ្វើការចាប់ខ្លួនបានហើយ ករណីប៉ុនប៉ងឃាតកម្ម ដោយប្រើប្រាស់អាវុធកែច្នៃ បាញ់ទៅលើអ្នកសារព័ត៌មាន។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ភ្លាមដាក់បទបញ្ជាផ្ទាល់ទៅផែនព្រហ្មទណ្ឌឲ្យ សហការជាមួយអធិការស្រុកជីក្រែងចុះទៅស្រាវជ្រាវនិងស៊ើបអង្កេតភ្លៀមៗ រយ:ពេលមួយយប់ដល់ភ្លឺ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ បានសារភាពជាបឋមថា បានប្រព្រឹត្តបទល្មើសប្រើអាវុធកែច្នៃបាញ់ប្រហារទៅលើអ្នកសារព័ត៌មាន មូលហេតុមកពីរឿងទំនាស់បុគ្គលរវាងអ្នកទាំងពីរនាក់ ។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ៤០ឆ្នាំ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ដោយកន្លងមក ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស ជាអ្នកសារព័ត៍មាន តែងតែថតរូប និងមកទារប្រាក់ពីខ្លួនថ្លៃដឹកឈើ ហើយ ថែមទាំងនិយាយថា បើមិនឲ្យប្រាក់ទេ នោះរូបគេនិងរាយការណ៍ទៅមន្ត្រីបរិស្ថាន ដោយទារប្រាក់ក្នុងមួយជើង ២០០០០រៀល រូបខ្លួនធ្លាប់បង់ប្រាក់ឲ្យទៅជនរងគ្រោះ ចំនួនពីរដង ស្មើនិង ចំនួន៤០០០០រៀល ប៉ុន្តែក្រោយមកជនរងគ្រោះ ចេះតែមកទារប្រាក់ទៀត ដោយរូបខ្លួនរកប្រាក់មិនបាន ទើបរូបខ្លួនខឹងនិងជនរងគ្រោះ ។ នៅវេលាម៉ោង០៨ និង ០០នាទី ថ្ងៃទី០៤.ខែធ្នូ.ឆ្នាំ២០២៤ រូបខ្លួនបានបើកគោយន្តកន្ត្រៃ ទៅស្រែនៅស្វាយប៉ា ស្ថិតក្នុងភូមិត្រពាំងភ្លោះ ដោយរូបខ្លួនបានយកអាវុធកែច្នៃ ( កាំភ្លើងឆ្នុក ) ដាក់ទៅជាមួយ ក្រោយពេលទៅដល់ស្រែ រហូតដល់ម៉ោង១៦និង៣០ នាទី ក៏បើកគោយន្តកន្ត្រៃត្រឡប់មកផ្ទះវិញ ដល់ចំណុចផ្លូវបំបែកត្រពាំងរាំង ស្ថិតភូមិត្រពាំងភ្លោះ ពេលនោះម៉ោងប្រហែល១៨ និង០០នាទី ក៏បានឃើញ ឈ្មោះ ឈឿង ឈឹង និងគ្នាគាត់ម្នាក់ទៀតមិនស្គាល់ឈ្មោះ ឈប់ម៉ូតូចំនួនពីរគ្រឿង នៅនិងមាត់ផ្លូវ រូបខ្លួនក៏បើកគោយន្តកន្រ្តៃ ទៅមុខបានប្រហែលជាង១០០ម៉ែត្រ ដោយគិតថាឈ្មោះ ឈឿង ឈឹង មកទារប្រាក់ ទើបមានកំហឹង ក៏ឈប់គោយន្ត ហើយយកកាំភ្លើងឆ្នុក ដើរទៅស្ទាក់ផ្លូវជនរងគ្រោះ ដោយពួនក្បែរគល់ឈើមាត់ផ្លូវ លបចាំបាញ់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះនិងគ្នារបស់គេ បានជិះម៉ូតូ សំដៅទៅផ្ទះ ដោយជនរងគ្រោះជិះមុខ រូបខ្លួនបានធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះ មួយគ្រាប់ចំខ្លួន ក្រោយពេលធ្វើសកម្មភាពហើយ បានរត់ត្រឡប់មកយកគោយន្ត ជិះគេចខ្លួនមកផ្ទះតែម្តង ចំពោះគោលបំណង ដែលខ្លួនបាញ់ជនរងគ្រោះនេះ បំណងបាញ់ឲ្យរបួស ដើម្បីឲ្យរាងចាលកុំឲ្យដើរទារប្រាក់គេ បន្តទៀត ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនដៃដល់១-គោយន្តកន្ត្រៃ ចំនួន០១ ២-កាំភ្លើងកែច្នៃ ( កាំភ្លើងឆ្នុក ) ចំនួន០១ ៣-កាណុងសេកាសេចំនួន០១ដើម ៤-កូនកាំបិតចំនួន ០១ ៥-គ្រាប់កាំកង់ ចំនួន ៦៤គ្រាប់
៦-គីប( ក្បាលគ្រាប់រំសេវសំបកក្រហម )ចំនួន៦២គ្រាប់ ៧-កូនសោលេខ១០ ចំនួន០២
៨-កាបូបស្ពាយចំនួន០១, រំសេវកន្លះដប ។

សូមជម្រាបថា ហេតុការណ៍បាញ់ប្រហារ លោក ឈឿង ឈឹង ជាអ្នកសារព័ត៌មាន របស់អង្គភាពកម្ពុជាអភិវឌ្ឍន៍ ត្រង់ចំណុចដីចម្ការត្រពាំងរាំង នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង១៨ និង ០០នាទីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកស្នងការបន្តថា បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប លោកសូមជម្រាមជូនដល់អ្នកសារព័ត៏មាន និង អ្នកលេងបណ្តាញសង្គម ថាករណីនេះ គឺជារឿងទំនាស់បុគ្គតេមិនមែនជារឿងនយោបាន លោកស្នងការក៏សំណូមពរដល់ អ្នកសារព័ត៌មានទាំងអស់ និង លេងបណ្ដាញសង្គម កុំឲ្យមានការភាន់ច្រឡំសូមកុំទាន់អាលវាយតម្លៃករណីអ្វីៗដែលអាចធ្វើឲ្យប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ៕