កំពង់ធំៈ បទល្មើសជលផលខេត្តកំពង់ធំ ក្រៅពីដាក់ឆ្នុក ដាក់សាច់ ស្បៃមុង អ៊ុយ ក៏មានបទល្មើសការលប លួចចិញ្ចឹមកូនត្រីឆ្តោរ ដែលបានធ្វើសកម្មភាព យ៉ាងគគ្រឹកគ្រេងតែបែរជាពុំមានវិធានការបង្ក្រាបនោះទេ ថែមទាំងបានឃុបឃិតគ្នា បើកភ្លើងខៀវឲ្យចិញ្ចឹមកូនត្រីឆ្តោរ នៅក្រោមឃ្លៀករបស់សមត្ថកិច្ច ជលផលទៅ វិញ។
ជាក់ស្តែងលោក អ៊ី វណ្ណា គឺជាមនុស្សម្នាក់ដែលមាន មុខមានមាត់ ក្នុងខេត្តកំពង់ធំ ដែលត្រូវបានគេស្គាល់ថា ជាថៅកែស្រែប្រាំងចំណេញក្នុងមួយឆ្នាំ រាប់សិបម៉ឺនដុល្លា តែទោះជាចំណូលច្រើនសន្ធឹលសន្ធាប់បែបនេះក្តី ក៏លោក ថៅកែស្រែប្រាំងម្នាក់នេះ បានឃុបឃិតជាមួយសង្កាត់រដ្ឋបាលជលផល កំពង់ធំ ចិញ្ចឹមកូនត្រីឆ្តោរ នៅក្រៀមឃ្លៀករបស់ខណ្ទរដ្ឋបាលជលផល ដែលស្ថិតនៅក្នុងសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងមានចម្ងាយពីខណ្ទរដ្ឋបាលជលផល ប្រមាណ ៤០០ម៉ែត្រ ។
តាមប្រភពពត៌មានច្បាស់ការ បានឲ្យដឹងថា មានមន្រ្តីជលផល ឈ្មោះ យ៉េង យាន បានយកតួនាទីរបស់ខ្លួនជាជលផល មកជាអ្នកការពារឃុបឃិត ឲ្យឈ្មួញលួចចិញ្ចឹមកូនត្រីឆ្តោរនេះ ត្រូវបានធ្វើសកម្មភាព មកយូរយាណាស់មកហើយ តែពុំត្រូវបានបង្កាបអស់ហើយ ដោយសារតែមេជលផលធំៗ ត្រូវបានលោក អ៊ី វណ្ណា ចង់មិត្តភាពជាសាច់ញ្ញាតិអស់ហើយ ចំណែកកូនចៅបានក្លាយជាអង្គរក្សការពារបទល្មើស ជួយលាក់ ចួយបាំងអំពើខុសច្បាប់ដែលបានកើតឡើង នៅចុងច្រមុះរបស់ខណ្ទរដ្ឋបាលជលផល កំពង់ធំ និងសង្កាត់ រដ្ឋបាលជលផលស្ទឹងសែន ដោយមិនខ្វល់ពីការអនុវត្តន៍ច្បាប់ សូម្បីតែបន្តិចដែលជាការខុសនឹងពាក្យសម្បថ ដែលត្រូវបានគេដឹងថា ស្បថឲ្យរួចតែពីមាត់។
ចំនែកលោកស្រី អួង ដារីយ៉ា ដែលជានាយសង្កាត់ ដែលទើបតែឡើងកាន់ តំណែងថ្មី មិនខ្ចីបង្រ្កាបបែរជាពេញចិត្ត ពេញថ្លើមបណ្តែតបណ្តោយ ឲ្យមានការចិញ្ចឹមកូនត្រីឆ្តោរទៅវិញ ជាហេតុ ធ្វើឲ្យមានការសង្ស័យថា បានទទួលលាភស្ការៈជាដុំកំភួនហើយទើបបានបិទមាត់ជិត ហើយធ្វើមិនដឹងមិនលឺ ។
កូនត្រីឆ្តោររាប់សែនក្បាល ត្រូវបានថៅកែស្រែប្រាំងឬថៅកែចិញ្ចឹមកូនត្រីឆ្តោរខុសច្បាប់ លួចចិញ្ចឹមដោយ រំភើយដោយមិនខ្វល់ពីការបង្ក្រាប ចំណែកកូនត្រីឆ្តោរដែលនៅឆ្ងាយៗ បែរជាសមត្ថកិច្ចប្រឹងបង្ក្រាបយកមុខ យកមាត់ រីឯកូនត្រីឆ្តោររបស់លោក អ៊ី វណ្ណា បែរជាមិនបង្ក្រាប ប្រហែលជាទុកតាំងពិពណ៌ ប្រចាំឆ្នាំ ។
មហាជនទូទៅបានសំណូមពរឲ្យលោក អ៊ុត សំអន ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលខេត្តកំពង់ធំ និងលោក អ៊ុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ដឹកនាំកម្លាំងចុះបង្ក្រាប ដើម្បីកុំឲ្យក្លាយទៅជាគំរូអាក្រក់ ក្នុងការឃុបឃិតគ្នា ប្រព្រឹត្តបទល្មើស ។
សូមរងចាំអានពត៌មាន បន្ថែម ស្តីពីឈ្មោះ មន្ត្រីជលផលកំពង់ធំ ដែលមានការឃុបឃិតគ្នា នៅលេខក្រោយទៀត