រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទខេត្តតាកែវជាខេត្តទី១៣ ទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)

0

តាកែវ៖ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ រិទ្ធីសែន បានលើកឡើងនិងបញ្ជាក់ថាខេត្តតាកែវគឺជាខេត្តទី១៣ ក្នុងចំណោមខេត្តទាំង២៥ រាជធានី ដែលទទួលជ័យលាភីពានរង្វាន់ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ។

នៅក្នុងប្រកាសខេត្តតាកែវ ជាខេត្តបញ្ចប់ការការបន្ទោបង់ពាសវាលពាសកាល(ODF)  ដែលបានរៀបចំធ្វើឡើងនៅបរិវេណសួនច្បារមាត់បឹងតាកែវ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ។ ដោយមានការចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងស្រុក កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់ចូលរួមផងដែរ៕

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថាដោយមានការចូលរួមសហការយ៉ាងជិតស្និត ពីសំណាក់អាជ្ញាធរមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ ពិសេសមន្រ្តីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិលនានា រួមនឹងការយល់ដឹងពីប្រជាពលរដ្ឋកាន់តែច្រើន ធ្វើឲ្យការងារលើកកម្ពស់អនាម័យបរិស្ថាននៅតាមទីក្រុង និងជនបទកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់បង្គន់អនាម័យនៅតាមមូលដ្ឋានទទួលបានជាង៩០ភាគរយ ដែលលទ្ធផលនេះវារុញច្រានឲ្យខេត្តតាកែវនឹងក្លាយជាខេត្តទី១៣ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនាពេលនេះ។

ឯកឧត្តមរដ្ឋមន្រ្តីអភិវឌ្ឍជនបទបានថ្លែងបញ្ជាក់ថាដើម្បីលើកកម្ពស់អនាម័យជនបទកាន់តែប្រសើរ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិសេសក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញយុទ្ធសាស្រ្តគន្លឹះសំខាន់ៗ ដើម្បីប្រែក្លាយតំបន់ជនបទក្លាយជាតំបន់អភិវឌ្ឍន៍មានការរីកចម្រើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ធានាបាននូវសុខុមាលជូនប្រជាពលរដ្ឋនៅតាមជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត ផ្លូវ និងភ្លើង ដើម្បីផ្សារភ្ជាប់សេដ្ឋកិច្ចរវាងទីក្រុងក្រុង និងជនបទកាន់តែប្រសើរឡើង សំដៅសម្រេចចក្ខុវិស័យនៅឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់៕ សារ៉ា វី