ប៉ៃលិន៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ មានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន ។ពិធីនេះដែរក៍មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ,លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ,លោកស្នងការរងនគរបាលខេត្ត, តំបន់ប្រតិបត្តិការសឹករងខេត្ត ,មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងសាច់ញាតិ ក្រុមគ្រួសារ និងបងប្អូនយោធិន ដែលទើបជ្រើសរើសថ្មីជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានមានមតិស្វាគមន៍ និងរបាយការណ៍សង្ខេប ស្តីពីការជ្រើសរើស ការរៀបចំពិធីសំណេះសំណាលជូនដំណើរយោធិន នោះរួចមក, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានថ្លែងកោតសរសើរ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បេសកកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេសគឺការសម្រិត សម្រាំងយ៉ាងសុក្រឹត ក្នុងការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថថ្មី ប្រកបដោយតម្លាភាព គុណភាព ស្របតាមគោលការណ៍ និតិវិធីនៃក្របខណ្ឌច្បាប់ជាធរមាន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានថ្លែងបញ្ជាក់ថា៖ ការរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» នាពេលនេះ គឺបានបញ្ជាក់ឱ្យឃើញ ពីការគិតគូរយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ ចំពោះយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីរបស់យើង។ លោកជំទាវបណ្ឌិត បានថ្លែងនូវអំណរគុណយ៉ាងធំធេង ដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងស្នូលក្នុងការស្វែងរក និងថែរក្សាសុខសន្តិភាព បូរណភាពទឹកដី ជូនជាតិមាតុភូមិ រហូតមានការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំដល់យោធិនថ្មី នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ បំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជានៅក្នុងវគ្គហ្វឹកហ្វឺន ថែទាំសុខភាព និងជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត អភិបាលខេត្តប៉ៃលិន ក៍បានឧបត្ថម្ភ ដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ចំនួន ២៣នាក់ និងគ្រូគ្រប់គ្រង ២នាក់ សរុប ២៥នាក់ ក្នុងម្នាក់ទទួលបានក្រម៉ាចំនួន១ ថវិកាចំនួន២០០,០០០រៀល និងលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានចូលរួមឧបត្ថម្ភចំនួន ២៣នាក់ ក្នុងម្នាក់ទទួលបានក្រម៉ា១ និងថវិកា ១៥០,០០០រៀល ដោយឡែកគ្រូគ្រប់គ្រង ២នាក់ ក្នុងម្នាក់ ១៥០,០០០រៀល ។
សូមបញ្ជាក់ថា៖ នាយទាហានគ្រប់គ្រង និងយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) មានចំនួនសរុប២៥នាក់ និងត្រូវទៅហ្វឹកហ្វឺនរៀនសូត្ររយះពេល ១ ឆ្នាំ គិតចាប់ពីថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន