ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ក្នុងការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ចំនួន ៤៥នាក់

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤បាន អញ្ជើញ ជួប សំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ក្នុងការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ចំនួន ៤៥នាក់ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា  ការប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិនៅខេត្តព្រះសីហនុមាន បេក្ខជនដែលបានដាក់ ពាក្យប្រឡងសរុបចំនួន ១.៩០២នាក់ ស្រី ៩៨៣នាក់ ប្រឡងជាប់ចំនួន ១.៥៩៧នាក់ ស្មើនឹង ៨៣,៩៦% ស្រី ៨៧៨នាក់ស្មើនឹង ៨៩,៣២% ក្នុងនោះ ៖. បេក្ខជនជាប់និទ្ទេសA៖ ៤៥នាក់ ស្រី ២៤នាក់. បេក្ខជនជាប់និទ្ទេសB៖ ១៨៦នាក់ ស្រី ១១៥នាក់.បេក្ខជនជាប់និទ្ទេសC៖ ៣២៩នាក់ ស្រី ២១០នាក់.បេក្ខជនជាប់និទ្ទេសD៖ ៥១៦នាក់ ស្រី ២៧៥នាក់. បេក្ខជនជាប់និទ្ទេសE៖ ៥២១នាក់ ស្រី ២៤៩នាក់។

ជាមួយគ្នានេះឯកឧត្តមបាន វាយតម្លៃ ខ្ពស់ចំពោះ ថ្នាក់ដឹក នាំមន្ទីរអប់រំ គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ គ្រឹះស្ថានសាធារណៈ និងឯកជន ខិតខំយកអស់កម្លាំង កាយចិត្តប្រាជ្ញាស្មារតីនិងបច្ចេកទេសចូលរួមចំណែកក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ មានសីលធម៌ មនសិការវិជ្ជាជីវៈថ្លៃថ្នូរ និងជាទំពាំង ស្នងឬស្សី ជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ជាពិសេសបានខិត ខំបង្ហាត់បង្រៀន ក្មួយៗសិស្សជ័យ លាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានទទួលលទ្ធផលយ៉ាងត្រចៈត្រចង់។

ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានអបអរសាទរ និងកោតសរសើរប្អូនៗសិស្ស និទ្ទេស Aទាំង ៤៥រូប ដែលខិតខំសិក្សារៀនសូត្ររហូតទទួលបានជ័យលាភីនិទ្ទេស A នាពេលនេះដែលជាជោគ ជ័យ មួយធំធេងក្នុងឆាកជីវិតរបស់ប្អូនដែលបានចំណាយពេលវេលារយពេល១២ឆ្នាំពិសេសភាពជោគជ័យរបស់អាណាព្យាបាលក៏ដូចជាលោកគ្រូអ្នកគ្រូដែលជាឳពុកម្តាយទីពីរក្នុងការជួយបណ្តុះបណ្តាលអប់រំប្អូនៗហើយភាពរឹមាំនិងឧស្សាហ៍ ព្យាយាមសិក្សារៀនសូត្រធ្វើឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវឈានទៅ ទទួលបានជ័យលាភី នាពេលនេះ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ចាក់បន្ថែមទៀតថា រាជរដ្ឋា ភិបាលអណត្តិទី៧ នៃរដ្ឋសភា បានកំណត់ទិសដៅ សំខាន់ៗចំនួន៥ ក្នុងនោះ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសកត្តាធនធានមនុស្សមានភាពរឹងមាំ ចេះដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព  ដូច្នេះប្អូនៗជាធនធានពោពេញដោយចំណេះដឹង និងបំណិន ជីវិត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវ: ព្រមទាំងបានធ្វើការណែនាំដល់សិស្សជ័យលាភីឪ្យជ្រើស រើសមុខវិជ្ជា ដែល ខ្លួនពេញចិត្ត ពិសេសមុខវិជ្ជាដែលយកមកអភិវឌ្ឍខេត្តព្រះសីហនុ ត្រូវចេះចាប់យកឪកាសព្រោះ ខេត្ត ព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាខេត្តដែល មានសក្តានុ ពល ផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច កសិកម្មនិងទេសចរណ៍ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលជាចក្ខុវិស័យក្នុងការដឹកនាំអភិវឌ្ឍប្រទេសកម្ពុជាឈានឆ្ពោះទៅសម្រេចជាប្រទេសដែលមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

នាគសមុទ្រ