(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងបានថ្លែងដូច្នេះនៅ ក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញពិនិត្យមើលដំណើរការធ្វើផ្លូវបេតុងថ្មីនៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។
លោកបញ្ជាក់បន្ថែមថា ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធថ្មីៗគឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញតម្រូវការជាក់ស្ដែងនិងបង្ហាញឱ្យឃើញពីសុខសន្តិភាពនិងការអភិវឌ្ឍក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសអ្នកនៅសងខាងផ្លូវ សូមចូលរួមថែរក្សាការពារផ្លូវនេះឱ្យបានល្អ ទាំងបរិស្ថាន អនាម័យ សោភ័ណភាព ដើម្បីធានានូវគុណភាពនិងការប្រើប្រាស់បានយូរអង្វែង។
លើសពីនេះប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចិនត្បូង និងស្រុកខ្ទង់ទាំងមូលមានការសាទរនិងរីករាយក្រៃលែងជាមួយសមិទ្ធផលថ្មីៗជាពិសេសផ្លូវបេតុងដែលរដ្ឋបាលឃុំនិងរាជរដ្ឋាភិបាលតែងតែសាងសង់ជូនពួកគាត់ជារៀងរាល់ឆ្នាំដែលជាការឆ្លើយតបនឹងតម្រូវការព្រមទាំងធ្វើដំណើរបានស្រួលជាងមុនប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស។
សូមបញ្ជាក់ថាផ្លូវបេតុងថ្មីដែលកំពុងដំណើរការសាងសង់នេះស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង ដែលជាថវិកាមូលនិធិឃុំឆ្នាំ ២០២៤មានចំនួន៦ខ្សែ ប្រវែង១,៣៩៦ ម៉ែត្រ អស់ថវិកាសរុប១៧៥,១២០,០០០ រៀល ៕