សៀមរាប៖ គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានអង្គរ ហៅកាត់ថា អាស៊ី ស៊ី អង្គរ និងសំបូរព្រៃគុក នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ ។ ដឹកនាំដោយឯកឧត្តម ណាហ្កាសិ គេនស៊ូគិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង លោក Pierre Vincent ទីប្រឹក្សាផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំកម្ពុជា ដែលកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយផ្តោតលើការងារពិនិត្យ និង តាមដានការងារនៅតាមការដ្ឋានជួសជុល គម្រោងមួយចំនួនទាក់ទងនឹងតំបន់អង្គរ និងសំបូរព្រៃគុក ដោយឡែកនៅថ្ងៃទី១៣ នឹងមានកិច្ចប្រជុំពេញអង្គលើកទី៣១ ផងដែរ៕