ខេត្តកំពង់ធំ÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានថ្លែងដូច្នេះក្នុងឱកាសដែលឯកឧត្តម បានដឹកនាំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥ -២០២៧)របស់រដ្ឋបាលស្រុក និងឃុំ ស្រុកស្ទោង ខេត្តកំង់ធំ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្ទោង។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា សិក្ខាសាលានេះបានជួយសម្របសម្រួលបន្ស៊ីគ្នានៃផែនការវិនិយោគ របស់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក/ខេត្ត និងរាជរដ្ឋាភិបាលក៏ដូចជាពង្រឹងកិច្ចសហការរវាងឃុំ/ស្រុក ដៃគូអភិវឌ្ឍន៍នានា ជាពិសេសការកៀរគរធនធាន ធាតុចូល សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ហើយបញ្ចូលគម្រោងនានា ជាតម្រូវការរួមរបស់ស្រុកស្ទោង។
ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញនិងលើកទឹកចិត្តដល់គ្រប់រដ្ឋបាលឃុំត្រូវធ្វើផែនការវិនិយោគរបស់ខ្លួនដោយបង្កើនការយកចិត្តទុកដាក់ថែមទៀតផ្នែកសុខុមាលភាពសង្គមនិងសង្គមកិច្ចនិងឆ្លើយតបនឹងតម្រូការជាក់ស្តែងរបស់ពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយផងដែរ ឯកឧត្តមបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់តំណាងអង្គការដៃគូ អង្គភាព មន្ទីរនានាដែលបាននិងតែងតែសហការគាំទ្រអភិវឌ្ឍស្រុកស្ទោងហើយសូមបន្តជួយគាំទ្រនិរន្តរភាពនេះបន្តទៀត។
ជាចុងបញ្ចប់ឯកឧត្តម បានលើកទឹកចិត្ត គ្រប់រដ្ឋបាលឃុំ ត្រូវធ្វើផ្លូវថ្មីៗថែមទៀតដោយផ្តោតលើផ្លូវកៅស៊ូឬផ្លូវបេតុងដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងប្រើប្រាស់បានយូរអង្វែងផងដែរ៕