ថ្នាកដឹកនាំខេត្តកំពង់ចាម អះអាងថា គម្រោងស្ថាបនាពង្រីកផ្លូវជាតិលេខ៧ ចាប់ផ្តើមដំណើរការ ឡើងវិញហើយ ចំពោះផលប៉ះពាល់ផ្សេងៗ សុំឱ្យមានការយោគយល់អធ្យាស្រ័យ

0

កំពង់ចាម: ឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម បានអះអាងថា គម្រោងស្ថាបនាពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង ប្រវែង សរុបជាង ៤៥គីឡូម៉ែត្រ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ចាប់ផ្តើម ដំណើរការឡើងវិញហើយ តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលមានគ្រឿងចក្រធ្វើការឈូស ឆាយប៉ះពាល់ផ្សេងៗ សុំឱ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ ព្រោះថានេះជា រដូវប្រាំងផង ។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រុមហ៊ុនស្ថាបនា ពង្រីកផ្លូវជាតិលេខ៧ បានស្នើដល់មន្ទីរ អង្គភាព និងអាជ្ញាធរស្រុកជើងព្រៃ ព្រៃឈរ កំពង់សៀម និងក្រុងកំពង់ចាម សូមចូលរួមសហការឱ្យបានល្អប្រសើរ ពីព្រោះថា ការដោះស្រាយផលប៉ះពាល់ បានផ្តល់សំណងជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ អញ្ចឹងទេបញ្ហាបណ្តាញរដ្ឋផ្សេងៗ ទាំងការ រំកិលបង្គោលអគ្គិសនី ទុយយោទឹក និងខ្សែកាបអុបទិក សូមឱ្យអង្គភាពពាក់ព័ន្ធចូលរួមអនុវត្តឱ្យ បានល្អ ដើម្បីជំរុញឱ្យការសាងសង់ផ្លូវជាតិនេះ មានល្បឿនលឿន ឆាប់បញ្ចប់ ជៀសវាងផលប៉ះ ពាល់យូរអង្វែង។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែ វិច្ឆិកា និងលើកទិសដៅប្រចាំខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ រៀបចំគម្រោងខេត្តឆ្នាំ២០២៥ ៤-បញ្ហាផ្សេងៗ ៕