ការប្រណាំងទូកអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១នៅខេត្តកំពតចាប់ផ្តើមក្នុងបរិយាកាសសប្បាយរិករាយ

0

កំពត់៖ ការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១នៅខេត្តកំពត បានបើកដំណើរការប្រកួតហើយនៅរសៀលថ្ងៃទី១១ ខែធ្នូនេះ  ក្រោមគណៈអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ  និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ។ ការប្រកួតថ្ងៃទី១នេះមានពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងទឹកមុខសប្បាយរីករាយបំផុត ។

ថ្លែងក្នុងពិធីបើកការប្រណាំងទូកចំនួន១៤គូ នៅបរិវេណកីឡាលើកទឹក នារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤  ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា  ការប្រណាំងទូកនាពេលនេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យសមុទ្រផង និងដើម្បីលើកកម្ពស់កីឡាប្រណាំងទូក ដែលជាប្រភេទកីឡាតំណរពីដូនតារបស់ខ្មែរផង  ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យ មកលេងខេត្តកំពត។

ក្រុមយុវជនចូលរួមក្នុងពិធីប្រណាំងទូក បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ  និងកោតសរសើរចំពោះការរៀបចំរបស់រដ្ឋបាលខេត្តកំពត ពិសេសឯកឧត្តមម៉ៅ ធនិន ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្វើឲ្យខេ្តកំពតមានការអភិវឌ្ឍន៍ ច្រើនឡើង និងបានរៀបចំព្រឹត្តិការណ៍កាន់តែស្អាត និងទាក់ទាញទេសចរ។

ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត  លោក សូ ភារិទ្ធ បានបញ្ជាក់ថា ការប្រណាំងទូកត្រូវធ្វើឡើងរយៈពេល ២ថ្ងៃ  ថ្ងៃទី១ប្រកួតតាមរូបមន្តជម្រុះ ២ជើង ដោយប្តូរខ្សែទឹក យកអ្នកឈ្នះឡើងទៅបន្តនៅថ្ងៃស្អែកចំនួន ១៦ទូក(៨គូ) ហើយនៅរសៀលថ្ងៃទី២ ការប្រកួតតាមរូបមន្តជម្រុះ១ភាគ៨ និងឈានទៅដល់វគ្គផ្តាច់ព្រាត់ រកចំណាត់ថ្នាក់ជើងឯកប្រចាំឆ្នាំ២០២៤ ចាប់ពីលេខ១ដល់ចំណាត់ថ្នាក់លេខ៣៕ សេង ណារិទ្ធ