(កំពង់ធំ)÷ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានថ្លែងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម ជួបសំណេះសំណាលជាមួយជនពិការនៅស្រុកប្រាសាទបល្ល័ង្កក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ(បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគ្គសម័យបរិវត្តកម្មឌីជីថល។
កម្មវិធីទិវាជនពិការភាពកម្ពុជាក៏មានការអញ្ជើញចូលរួម លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ លោក វណ្ណៈ សោភានិតអភិបាលស្រុកប្រាសាទបល្ល័ង្ក ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក/ឃុំ និងបងប្អូនជនពិការភាពសរុបប្រមាណជាង៣០០នាក់ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បានលើកឡើងថាតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះការអភិវឌ្ឍវិស័យសង្គមកិច្ច ជាអតិភាពសំខាន់មួយក្នុងបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស និងក្នុងមុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀង និងគោលការណ៍អភិវឌ្ឍន៍សហសវត្សកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការងារជាច្រើនដើម្បីសុខុមាលភាពជនមានពិការភាព និងការដាក់ បញ្ចូលនូវបញ្ហាជួយជនមានពិការភាពដោយសារមីន ក្នុងឯកសារគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងគោលដៅទី១៨ ស្តីពីការបោសសម្អាតមីន កាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងជួយសង្គ្រោះ ជនរងគ្រោះសំដៅលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតរបស់ជនមានពិការភាពដោយសារមីន និង កាកសំណល់មិនទាន់ផ្ទុះពីសង្គ្រាមឱ្យកាន់តែប្រសើរឡើង។ បច្ចុប្បន្នជនពិការរងគ្រោះដោយគ្រាប់មីន អាវុធជាតិផ្ទុះត្រូវបានកាត់បន្ថយ ប៉ុន្តែនៅកើនឡើងផ្នែកគ្រោះថ្នាក់ចរាចរណ៍ ជម្ងឺផ្សេងៗ ។ល។ ជាមួយគ្នានេះដែរ កម្ពុជាបានទទួលជោគជ័យក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការរបស់អង្គការ សហប្រជាជាតិទស្សវត្ស ជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក២០១៣-២០២២ យុទ្ធសាស្ត្រអ៊ុឈាន់ និងសេចក្តីថ្លែងការទីក្រុងដែលបានអនុម័តនៅថ្ងៃទី០១ធ្នូ២០១៧ សំដៅពន្លឿនការអនុវត្តយុទ្ធសាស្ត្រ អ៊ុឈាន់ ដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់របស់ជនមានពិការភាព ឲ្យកាន់តែមានប្រសិទ្ធិភាព និងជោគជ័យបន្ថែមទៀត។
ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថាច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនមានពិការភាព គឺមានសារៈសំខាន់ណាស់ សម្រាប់ដំណោះស្រាយការលំបាករបស់ជនមានពិការភាពនៅក្នុងសង្គម គឺក៏ដូចជាការជំរុញដល់ ការអនុវត្តកម្មវិធីនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ ជនមានពិការភាព ការដាក់បញ្ចូលបញ្ហាជនមានពិការភាពក្នុងផែនការយុទ្ធសាស្ត្រជាតិ និង គោលនយោបាយកម្មវិធីការងាររបស់ គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ជាងនេះទៀត បានជំរុញឱ្យមានការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព ក្នុងស្មារតីពង្រឹង ទស្សនៈកិច្ចនានា គឺរមើលឃើញសមត្ថភាពជនមានពិការភាពនេះ ដោយផ្តល់ឱកាសស្មើភាព ចំពោះជនមានពិការភាពក្នុងការបង្កើតមុខរបរ សំដៅដោះស្រាយនិងបង្កើនប្រាក់ចំណូល រីឯក្នុងការ ធ្វើដំណើរចល័តគ្រប់ទីកន្លែងរបស់ជនមានពិការភាពក្តី ក៏ទទួលនូវសេវាអប់រំ សុខាភិបាល សង្គមកិច្ច ការចូលរួមរាល់សកម្មភាពនយោបាយមានការអភិវឌ្ឍន៍សង្គមជាតិ។
ចំណាប់អារម្មណ៍តំណាងជនមានពីការភាព ដើម្បីរំឭកដល់ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ប្តេជ្ញាគាំទ្រសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រឆាំងដាច់ខាតចំពោះឧបាយកលក្បត់ជាតិគ្រប់រូបភាព របស់ក្រុមជ្រុលនិយម ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការពាររដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ។ គាំទ្រផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ របស់ រាជរដ្ឋាភិបាល។ គាំទ្រប្រធានបទ (បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យ បរិវិវត្តកម្មឌីជីថល)។ អត្ថបទលោក ធូ កែវមុន្នី