ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងតួនាទីភារកិច្ចកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ជាំក្របី ដែនជម្រកសត្វព្រែបឹងពែរ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការដឹកនាំបញ្ជាពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ និងពង្រឹងតួនាទីភារកិច្ចដល់កងកម្លាំងចម្រុះ  ដែលកំពុងបំពេញតួនាទីភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីបញ្ជាការស្រាល តំបន់ជាំក្របី ស្ថិតនៅក្នុងដែនជម្រក សត្វព្រៃបឹងពែរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោក អ៊ី វិចអុល មន្ត្រីឧទ្យានុរៈបរិស្ថាន និងជាប្រធានទីបញ្ជាការស្រាលតំបន់ជាំក្របី បានឡើងរាយការណ៍អំពីការលំបាក ការងាយស្រួល និងបញ្ហាប្រឈមនានាមួយចំនួន ក្នុងការបំពេញភារកិច្ចនាពេលកន្លងទៅ និងបានប្តេជ្ញាចិត្តអនុវត្តឱ្យបានជោគជ័យ តាមផែនការ និងភារកិច្ច ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ បានប្រគល់ជូន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងចម្រុះទាំងអស់ ដែលបានសហការគ្នាក្នុងការបំពេញភារកិច្ចក្នុងរយៈពេលជាង៧ ខែកន្លងទៅនេះ  ទទួលបានជោគជ័យគួរជាទីមោទនៈ ដោយយើងបានការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ ហើយជាមួយនោះដែរ យើងបានរកឃើញផ្ទៃដីដែលលួចកាប់បន្ទ្រាននាពេលកន្លងទៅជាង២,៥០០ ហិកតា ដែលបច្ចុប្បន្នយើងកំពុងធ្វើការគ្រប់គ្រង និងស្រាវជ្រាវវែករកមុខជនសង្ស័យប្រព្រឹត្តល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ហើយផ្ទៃដីដែលរឹបអូសបាន យើងកំពុងការពារមិនឱ្យមានការបាត់បង់ ព្រមទាំងបានដាំស្ដារព្រៃឈើឡើងវិញបានប្រមាណជាង៥ម៉ឺនដើមផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារទប់ស្កាត់ឲ្យបាន មិនឲ្យមានការកាប់ទន្ទ្រានជាថ្មីទៀតបានជាដាច់ខាត ពិសេសក្នុងរដូវប្រាំងនេះ ហើយត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនទាំងឡាយណា ដែលនៅតែបំពានកាប់ទន្ទ្រានព្រៃឈើបំផ្លាញធនធានធម្មជាតិ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ដើម្បីចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនកងកម្លាំងចំរុះនៅទីបញ្ជាការស្រាលតំបន់ជាំក្របីមាន​ ប្រេងសាំងចំនួន ២០០លីត្រ អង្ករចំនួន២០០គីឡូក្រាម មីជាតិចំនួន១០កេស ត្រីខកំប៉ុងចំនួន ១យួរ  ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យូរ ថ្នាំពេទ្យ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង គោក និងឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តសកម្មភាព ដោយគ្មានការដកថយឡើយ។