បុរសម្នាក់សម្រេចចិត្តចងក បញ្ចប់ជីវិតខ្លួនឯងព្រោះមានវិបត្តិផ្លូវចិត្ត

0

ខេត្តកំពង់ធំ៖ បុរសម្នាក់បានសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនដោយយកក្រម៉ាចងភ្ជាប់នឹងឈើបង់បាញ់ជំទុលស្ពានកំពង់ធំ បណ្តាលឱ្យស្លាប់សង្ស័យមានវិបត្តិផ្លូវ។ ករណីនេះត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចនៅម៉ោងប្រមាណ៥និង២០នាទីព្រលឹមស្រាងៗថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានកំពង់ធំ(ចាស់) ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចលោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រ៉េត សុខជាតិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្រោយការពិនិត្យសាកសព មានស្នាមជាំទ្រុឌបញ្ឆិតក ពីក្រោមឡើងលើ ជាស្នាមខ្សែចំណង បញ្ជាក់ថាជនរងគ្រោះពិតបានធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន ពុំមានពាក់ព័ន្ធទបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។

តាមការសន្និដ្ឋានរបស់លោកវរសេនីយ៍ឯកអធិការនគរបាលក្រុងស្ទឹងសែន ការសម្រេចចិត្តធ្វើអត្តឃាតនេះព្រោះមានវិបត្តិផ្លូវចិត្ត បច្ចុប្បន្នសាកសព បានប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។