ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ទៅស្វែងយល់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលតំបន់ដែនជម្រកសត្វព្រៃបឹងពែរ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ  បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់កងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការស្រាលតំបន់ជាំក្របី ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំដោយការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ  ហើយនឹងបានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចក្នុងរយៈពេលជាង៧ខែកន្លងទៅនេះ ទទួលបានជោគជ័យ គួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តបំពេញភារកិច្ចក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព ។ ដាច់ខាតមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋយកដីធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ ។ជាមួយនោះបងប្អូនត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវហូបចុកមានអនាម័យ ដើម្បីមានសុខភាពល្អ បន្តបំពេញភារកិច្ចតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន ឲ្យទទួលបានជោគជ័យ។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានត្រួតពិនិត្យកន្លែងស្នាក់នៅហូបចុក និងបានចូលរួមពិសារអាហារសាមគ្គីជាមួយយោធិន ដែលកំពុងបំពេញបេសកកម្មនៅទីបញ្ជាការស្រាលតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ផងដែរ។