ពលរដ្ឋក្នុងស្រុកចំការលើ បានស្នើសុំ ផ្លូវ ទំនប់ ទ្វារទឹក និងបញ្ហាផ្សេងៗ ចំនួន ១៥ករណី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

0

កំពង់ចាម: ប្រជាពលរដ្ឋក្នុង ស្រុកចំការលើ បានស្នើសុំការស្ថាបនាផ្លូវ ទំនប់ ទ្វារទឹក រួមនឹងបញ្ហា ផ្សេងៗ ចំនួន ១៥ករណី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត កំពង់ចាម លើកទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវត្តពោធិវនារាម (វត្តស្ពឺ) ស្ថិត ក្នុងឃុំស្ពឺ ស្រុកចំការលើ ក្រោមវត្តមាន ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំការឆ្លើយតបភ្លាមៗ នូវសំណើរ សំណូមពរ និងកង្វល់ ដែលប្រជាពលរដ្ឋលើកឡើងបានមួយចំនួន ដោយឡែកករណីដែលនៅសេសសល់ ត្រូវបាន ទទួលយកទៅពិភាក្សា ដើម្បីដោះស្រាយបន្តទៅតាមនីតិវិធីរដ្ឋបាលនៅពេលក្រោយ រួមមានការ ស្នើសុំការស្ថាបនាផ្លូវធ្វើដំណើរ មានទាំងផ្លូវគ្រួសក្រហម ផ្លូវដី និងប្រព័ន្ធលូ សុំស្តារប្រឡាយចាស់ និងបន្តការអភិវឌ្ឍកសាងទំនប់ សុំសំអាតបរិស្ថានតាមប្រឡាយទឹក សុំបាញ់ថ្នាំស្មៅលើខ្នងទំនប់ សុំកសាងទ្វារទឹក ក្នុងនោះក៏មានការស្នើសុំដោះស្រាយបញ្ហាទីផ្សារដំឡូង បញ្ហាធ្វើអត្តសញ្ញាណប័ ណ្ណយឺតយ៉ាវ និងបញ្ហាចុះបញ្ជីដីធ្លីធ្វើប្លង់ ។ល ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ខ្លូត​ ផន​ ​ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​ បានគូសបញ្ជាក់ថា​ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​ យើងទាំងអស់គ្នា​ បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់ រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល​ ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ​ នៅថ្នាក់ក្រោមជាតិ​ ៕