ពិព័ណ៍ពាណិជ្ជកម្មកម្ពុជាបានបើកជាផ្លូវការនៅព្រឹកថ្ងៃនេះ

0

ភ្នំពេញ៖ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាកម្រិតអន្តរជាតិ បានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»។ ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសបើកសម្ពោធជាផ្លូវការនូវពិធី«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយ​ប្រចាំ​ឆ្នាំ។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផល​ដែលមានគុណភាព​ខ្ពស់របស់​កម្ពុជា និងទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្ម ដែលមានលក្ខណៈ​ពិ​សេស​របស់​បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។

បេសកកម្មចម្បង​របស់ CTE គឺជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និង​ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅ​ពី​មានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរ ក៏ជាវេទិកា​សម្រាប់ពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និង​ការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។

ការផ្លាស់ប្ដូរ ឈ្មោះពិព័រណ៍ CIEGE ក្នុងគោលបំណងធ្វើឱ្យឈ្មោះ​ពិព័រណ៍​នេះកាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពីគោលគំនិត នៃឧត្តមភាព និង​ប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និង​ការយកចិត្តទុកដាក់លើ គុណភាពខ្ពស់ និងភាពសាមញ្ញ។ ជាមួយនឹង​ការ​បង្កើតកិត្តិនាមថ្មី និងកាន់តែទំនើប ក្រសួងពាណិជ្ជកម្មនឹងផ្សារ ភ្ជាប់ការ​តាំង​ពិព័រណ៍ថ្មីនេះ ជាមួយគោលគំនិតច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យពិព័រណ៍ដ៏ធំ​នេះ​កាន់តែមានភាពរស់រវើក បង្ហាញលក្ខណៈពិសេសពាណិជ្ជកម្ម និងអត្ត​សញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប ហើយតាមរយៈការតាំង បង្ហាញ ការតុបតែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ នឹងបង្កើននូវ​សោភ័ណ​ភាព​ដល់ការតាំងបង្ហាញរបស់ អាជីវករ និងអ្នកចូលរួមតាំងពិព័រណ៍។

សម្រាប់ពិព័រណ៍នៅថ្ងៃនេះ មានការរៀបចំស្តង់ពិព័រណ៍ចំនួន២៤៦ស្តង់ សម្រាប់​ពាណិជ្ជករ​ក្នុង​ស្រុកនិងអន្តរជាតិ។ ក្រុមហ៊ុន អ្នកចែកចាយ និងអ្នកតំណាងនៃវិស័យ​ឯកជន​ដែលចូលរួមជាអ្នកតាំងពិព័រណ៍ នឹងមានឱកាសតាំងបង្ហាញ​ផលិត​ផល និងសេវាកម្មដែលមានគុណភាពខ្ពស់ ដើម្បីធ្វើឱ្យមានភាពសម្បូរបែប៕