ខេង ឧត្តម
សៀមរាប៖ នៅសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២៤ បានធ្វើសន្នីសិទ្ធសារព័ត៌មាន ជាមួយក្រុមអ្នកសារព័ត៌មានជាតិ អន្តរជាតិ ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង័្សយ ជាខ្មាន់កាំភ្លើងលួចបាញ់ អ្នកកាសែត ឈ្មោះ ឈឿង ឈឹង ភ្នាក់ងារអង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍ ដោយអាវុធកែច្នៃ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង១៨ និង០០ នាទី ល្ងាច) នៅត្រង់ចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានយកមកជួយសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយបានទទួលមរណភាពនៅវេលាម៉ោងប្រមាណ២ទាបភ្លឺ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ ។
អង្គសន្នីសិទ្ធនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប អមដោយលោក ប៉ុក តារា និង លោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារងផងដែរ ។
ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំសន្និសីទសារព័ត៌មាននេះឡើង ក្នុងគោលបំណងបំភ្លឺនូវការពិតនៃរឿងហេតុ និង ស្រាយចម្ងល់នានា ឆ្លើយតបទៅនឹងការបញ្ចេញមតិមួយចំនួន ដែលប្រាកចាកពីការពិត ក្នុងគោលបំណងទាញយកប្រយោជន៍ណាមួយ ដែលនាំឲ្យមានការភ័ន្តច្រឡំទៅលើការបញ្ចេញមតិខុសពីការពិតទាំងនោះ ។
ឯកឧត្តមព្រះរាជអាជ្ញា បានសម្តែងនូវការសោកស្តាយ និង សូមចូលរួមរំលែកមរណភាពជូនចំពោះគ្រួសារ នៃសព ឈឿង ឈឹង ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ក្នុងករណីនេះ។ ឯកឧត្តមបានបន្តបកស្រាយ អំពីដំណើររឿង ភស្តុតាង និង ចំណាត់ ការនៅក្នុងករណីនេះ ចាប់តាំងពីកើតហេតុភ្លាម រហូតឈានដល់ការកំណត់បានមុខសញ្ញា និងឃាត់ខ្លួនបានជនល្មើសឈ្មោះ ស៊ី លឿយ យកមកចោទប្រកាន់ទៅតាមនីតិវិធី ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនគរបាលខេត្តសៀមរាប ដែលបានសហការគ្នាយ៉ាងល្អ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការ ក្នុងការកំណត់អត្តសញ្ញាណជនល្មើស និង បានឃាត់ខ្លួនជនល្មើសបាន ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ។
ឯកឧត្តម ព្រះរាជអាជ្ញាក៏បានសង្កត់ធ្ងន់ អំពីការប្រកាន់ជំហររបស់អយ្យការ ក្នុងការអនុវត្តច្បាប់ និង ឃ្លាំមើលការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និង អនុវត្តសិទ្ធិដែលច្បាប់ផ្តល់ឲ្យ ទោះបីជាការសម្លាប់នេះក្រោមហេតុផលនៃទំនាស់ផលប្រយោជន៍បុគ្គលក៏ដោយ ដើម្បីធានាឲ្យបានថាជនល្មើសខាងលើ ត្រូវទទួលខុសត្រូវឲ្យ សមរម្យទៅនឹងអំពើ និងព្យសនកម្មដែលគាត់បានប្រព្រឹត្ត ៕